រាជធានីភ្នំពេញ៖ នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងលោកបណ្ឌិត ឈាង រ៉េត ជំនួយការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដើម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖
១. ការពិនិត្យលើវឌ្ឍនភាពការងារកន្លងមក និងលើកទិសដៅបន្តសកម្មភាពការងារ
២. បញ្ហាប្រឈម និងសំណូមពរនានា។
ក្រោយពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាព និងសម្រេចដូចតទៅ៖
១. អង្គភាពត្រូវប្រជុំពិភាក្សាធ្វើផែនការសកម្មភាព និងចងក្រងជាសៀវភៅដើម្បីផ្សព្វផ្សាយទៅមន្ត្រីសម្រាប់អនុវត្ត
២. ប្រជុំពិភាក្សាផែនការសម្រាប់អភិវឌ្ឍសួនរុក្ខជាតិឱសថគិរីរម្យ និងអគារដែលទ្រុឌទ្រោមតាមគម្រោងថវិកាដែលបានស្នើសុំសម្រាប់ ឆ្នាំ២០២៦ និង២០២៧
៣. ក្រុមការងារទាំង១១ក្រុមដែលបានបែងចែកត្រូវសម្រេចកិច្ចការឱ្យរួចរាល់ក្នុងចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ
៤. អង្គភាពត្រូវបន្តប្រមូលផលិតផល ឬឱសថបុរាណដែលមានការសង្ស័យដើម្បីធ្វើតេស្ត និងត្រួតពិនិត្យបច្ចេកទេស។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ។