Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ក្រុមគ្រូពេទ្យ ផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើតវប្បធម៌ចែករំលែក អ្នកចេះ ចែករំលែកដល់អ្នកមិនទាន់ចេះ»
ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទវិទ្យាសាស្រ្តប្រចំាឆ្នាំស្តីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ»។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមថាសន្និសីទវិទ្យាសាស្រ្តនេះ នឹងក្លាយជាវេទិកា នៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។ សន្និសីទវិទ្យាសាស្រ្តមានរយៈពេល ០២ ថ្ងៃនេះនឹងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ត និងលទ្ធផលស្រាវជ្រាវថ្មីៗ ព្រមទាំងផ្តល់ឱកាសជូនវាគ្មិន និងក្រុមគ្រូពេទ្យកម្ពុជា ប្រកបដោយសក្តានុពល ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ លើការងារស្រាវជ្រាវ ទាក់ទងនឹងប្រធានបទចំនួន៤ សំខាន់ៗរួមមាន៖ ភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) មេរោគ papillomavirus humain (HPV) ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន ជំងឺមហារីកថ្លើម (Hepatocellular carcinoma) និងជំងឺទឹកនោមផ្អែម៕

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់អង្គសន្និសីទ ដើម្បីជាកិច្ចពិភាក្សាឱ្យបានផុសផុល បង្កើតនូវគំនិតស្រាវជ្រាវ នវានុវត្តន៍ សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺ ដោយ៖

១) គ្រប់មូលដ្ឋានសុខាភិបាល ខិតខំពង្រឹងការលើកកម្ពស់ការអប់រំសុខភាពដល់ប្រជាជន តាមគ្រប់រូបភាព ដោយខិតខំជំរុញការចូលរួមរបស់សាធារណជន និងលើកកម្ពស់ការយល់ដឹងលើការការពារជំងឺមិនឆ្លង និងប្រព័ន្ធភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។

២) បន្តពង្រឹងនិយ័តកម្មឱសថឱ្យបានម៉ឺងម៉ាត់ ទាំងការផលិត ការលក់ ការចែកចាយ និងការតាមដានគុណភាព សុវត្ថិភាព និងការផ្សព្វផ្សាយ ឱសថ និងខិតខំគ្រប់មធ្យោបាយ ពង្រឹងការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ ជាពិសេសឱសថដែលតម្រូវឱ្យមានវេជ្ជបញ្ជា។ 

៣) ជំរុញការសហការយ៉ាងជិតស្និទ្ធជាអន្តរវិស័យ និងអន្តរអង្គភាព ដើម្បីដោះស្រាយបញ្ហាជំងឺមិនឆ្លង និងមូលហេតុនៃការកើនឡើងនៃភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។

៤) ពង្រឹងយន្តការតាមដានឱ្យមានប្រសិទ្ធភាព ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចអន្តរាគមន៍នានា ដោះស្រាយបញ្ហាសុខភាពទាន់ពេលវេលាជូនប្រជាជន

៥) ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ ព្យាបាលអ្នកជំងឺទាំងអស់ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយសិក្សារៀនសូត្រចំណេះដឹងថ្មីៗនិងមានបច្ចុប្បន្នភាពជាប្រចាំ។

៦) ខិតខំធ្វើការស្រាវជ្រាវ នវានុវត្តន៍លើបច្ចេកទេសព្យាបាលអ្នកជំងឺ ដោយផ្តោតលើភាពប្រឈមបច្ចុប្បន្នចំពោះមុខ។

៧) ពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ អន្តរជំនាញ អន្តរវិស័យ ជាមួយដៃគូ ដើម្បីគាំទ្រដល់ការព្យាបាល ថែទាំសុខភាពជូនប្រជាជនយើង។

បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់នូវចំនុចគន្លឹះសំខាន់ៗ មួយចំនួន ដល់សាកលវិទ្យាល័យ និងក្រុមគ្រូពេទ្យ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ៖ ១) សាកលវិទ្យាល័យត្រូវស្គាល់ពីតួនាទីសំខាន់ ដែលជាមជ្ឈមណ្ឌលកណ្តាលរបស់ក្រសួង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើគុណភាព ក្រមសីលធម៌ ជាពិសេសជំនាញបច្ចេកទេស ២) សាកលវិទ្យាល័យ និងផ្នែកពាក់ព័ន្ធ ត្រូវវិនិយោគលើការបណ្តុះបណ្តាលបន្ត ស្ថិតក្នុងភាពចាំបាច់ ដើម្បីបង្កើនសមត្ថភាពជំនាញឯកទេសបន្តទៀត និងបង្កើនវប្បធម៌ចែករំលែក ឱ្យបានចេះ និងដឹងដូចគ្នា ៣) លើកកម្ពស់សមត្ថភាព ដោយចេះទទួលអ្នកជំងឺ ផ្តល់ដល់អ្នកជំងឺនូវការជឿទុកចិត្ត និងស្នាមញញឹម  ៤) លើកទឹកចិត្តក្នុងការស្រាវជ្រាវ និងនវានុវត្តន៍ ស្របតាមបរិបទរបស់យើង ដោយត្រូវចង់ចេះ ចង់ដឹង ចង់ឆ្ងល់ និងបំពេញការងារដោយស្មារតីទទួលខុសត្រូវ ៥) ត្រូវមានគោលគំនិតក្នុងការចែករំលែក ដើម្បីសុខភាពប្រជាពលរដ្ឋ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺ ធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាល ដែលមានភាពរឹងមាំ សមស្របតាមតម្រូវការដែលកាន់តែមានសមត្ថភាព ប្រកបដោយគុណធម៌។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ តាមរយៈសន្និសីទនេះ នឹងផ្តល់ឱកាសក្នុងការផ្តល់ជាអត្ថប្រយោជន៍ដែលនឹង ទទួលបានការចែករំលែកបទពិសោធន៍ ទទួលបានចម្លើយពី សាស្រ្តាចារ្យជំនាញ និងត្រូវយកចំណេះដឹងនេះ ទៅរៀបចំបំពេញការងារ និងអនុវត្តឱ្យស្របតាមសភាពការ ដែលក្លាយជាស្តង់ដាមួយប្រកបដោយគុណភាព និងប្រសិទ្ធភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19