Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការគ្រប់គ្រងជីវសុវត្ថិភាព ជីវហានិភ័យ និងការដឹកជញ្ជូនសំណាកក្នុងមូលដ្ឋានសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តមណ្ឌលគិរី៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការគ្រប់គ្រងជីវសុវត្ថិភាព ជីវហានិភ័យ និងការដឹកជញ្ជូនសំណាកក្នុងមូលដ្ឋានសុខាភិបាល នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលឡើងដើម្បី៖

-  ពង្រឹងការអនុវត្តជីវសុវត្ថិភាព និងជីវសន្តិសុខ លើការគ្រប់គ្រងកម្រិតហានិភ័យ ដើម្បីធានាបាននូវការគ្រប់គ្រង និងដំណើរការប្រកបដោយសុវត្ថិភាពនៃភ្នាក់ងារបង្ករោគ

-  ពង្រឹងជំនាញ និងចំណេះដឹងជាប្រព័ន្ធ ក្នុងការគ្រប់គ្រងជីវសុវត្ថិភាព និងហានិភ័យក្នុងមូលដ្ឋានសុខាភិបាលខេត្តមណ្ឌលគិរី

-  ពង្រឹងស្ថាប័នសុខភាពសាធារណៈ និងអ្នកពាក់ព័ន្ធ ដើម្បីសម្រួលដល់ការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការផ្ទុះឡើងនៃរោគរាតត្បាត។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះចែកចេញជា២វគ្គ និងមានរយៈពេល៤ថ្ងៃ ដោយមានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត មន្រ្តីការិយាល័យជំនាញនៃនាយកដ្ឋានមន្ទីរពេទ្យ អ្នកជំនាញមន្ទីរពិសោធន៍ផ្នែកជីវសុវត្ថិភាពនៃមន្ទីរពេទ្យខេត្តបាត់ដំបង ជាគ្រូឧទ្ទេសនាម និងមានសិក្ខាកាមចូលរួមពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងខេត្ត សរុបប្រមាណចំនួន ៤០នាក់ ក្រោមជំនួយឧបត្ថមពីគម្រោង ADB/GMS-AF។

បន្ទាប់ពីបើកវគ្គបណ្តុះបណ្តាលនេះរួច ឯកឧត្តមរដ្ឋលេខាធិការក៏បានអញ្ជើញចុះពិនិត្យមើលការបម្រើសេវានៅមណ្ឌលសុខភាព «អូរអាម» និងទៅពិនិត្យទីតាំងដីថ្មីសំរាប់សាងសង់មន្ទីរពេទ្យបង្អែកស្រុកកម្រិត១ក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8