រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចុះត្រួតពិនិត្យគ្រឹះស្ថានផលិតឱសថ អឺហ្វាក់ ដែលមានអាសយដ្ឋាននៅបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងពេលចុះត្រួតពិនិត្យ ក្រុមការងារក្រសួងសុខាភិបាល បានពិនិត្យតំបន់ផលិតកម្ម មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ និងឃ្លាំងស្តុក។ អំឡុងពេលចុះត្រួតពិនិត្យក្រុមការងារ បានណែនាំដល់គ្រឹះស្ថានផលិតឱសថ ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងណែនាំការងារបច្ចេកទេសនានា ដើម្បីពង្រឹងនូវគុណភាពឱសថ។
ក្រុមការងារក្រសួងសុខាភិបាលក៏បានជម្រាបជូនថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យផលិតឱសថក្នុងស្រុក តាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងណែនាំឱ្យគ្រឹះស្ថាន ត្រូវមានផែនការមេឱ្យបានត្រឹមត្រូវ ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មថ្មី ចៀសវាងការដាក់ទុនវិនិយោគហើយ មានការខាតបង់ផ្សេងៗ។ ទន្ទឹមនេះដែរក្រុមការងារក៏បានណែនាំឱ្យគ្រឹះស្ថានធ្វើការស្រាវជ្រាវនូវរូបមន្តថ្មីៗ ជាពិសេសឱសថបុរាណ ដែលមាននៅក្នុងស្រុកស្រាប់ ដើម្បីលើកកម្ពស់ផលិតកម្មឱសថបុរាណក្នុងស្រុក ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងការចុះពិនិត្យនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា និងឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ឯកឧត្តមសាស្រ្តាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ព្រមទាំងលោកប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្រ្តីជំនាញពាក់ព័ន្ធ។