រាជធានីភ្នំពេញ ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការលើកកម្ពស់គុណភាពនៃការថែទាំ និងសុវត្ថិភាពអ្នកជំងឺ នៅទីស្តីការក្រសួងសុខាភិបាល។ កិច្ចប្រជុំ បានពិភាក្សាលើចំណុចសំខាន់ៗ ដូចជា៖ ការពិនិត្យឡើងវិញនូវសមិទ្ធិផលដែលគិលានុបដ្ឋាក និងឆ្មបបានអនុវត្តកន្លងមក រៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការថែទាំ ស្វែងរកដំណោះស្រាយពីកត្តាប្រឈមរបស់គិលានុបដ្ឋាក និងឆ្មបនៅពេលអនុវត្តការងារថែទាំ និងរៀបចំផែនការបន្ត។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់សមាជិកទាំងអស់នូវចំណុចគន្លឹះដូចតទៅ៖ ១) ត្រូវត្រួតពិនិត្យគុណភាពថែទាំ - ការវាយតម្លៃ និងគ្រប់គ្រងសកម្មភាពសុខាភិបាលដើម្បីធានាថាអ្នកជំងឺទទួលបានការថែទាំមានគុណភាពខ្ពស់ដោយគោរពតាម (7-Right) ២) អប់រំ និងបណ្តុះបណ្តាល - PDIA, Patient-certered care ៣) បង្កើតនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព - ការបង្កើត និងអនុវត្តន៍នីតិវិធីប្រតិបត្តិដូចជាស្តង់ដាថែទាំជំងឺគ្រុនឈាម ថែទាំសង្រ្គោះទារក ថែទាំជំងឺមហារីក និងស្តង់ដាថែទាំស្ត្រីធ្លាក់ឈាមក្រោយសម្រាល និង ៤) ផ្តល់នូវការថែទាំប្រកបដោយសីលធម៌ - អនុវត្តស្របច្បាប់ពិសេស សុវត្ថិភាពនិងសិទិ្ធអ្នកជំងឺ។
ជាទីបញ្ចប់ លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានកោតសរសើដល់ថ្នាក់ដឹកនាំថែទាំគ្រប់កម្រិត និងគិលានុបដ្ឋាក និងឆ្មបទាំងអស់ ដែលបានបំពេញភារកិច្ចបានល្អប្រសើរកន្លងមក គិលានុបដ្ឋាក និងឆ្មបជាឆ្អឹងខ្នងប្រព័ន្ធសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវ សីលធម៌វិជ្ជាជីវៈ សមត្ថភាព និងភាពជាអ្នកដឹកនាំ។
ក្នុងកិច្ចប្រជុំពិភាក្សា មានការចូលរួមមាន ពីអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ គណៈឆ្មបជាតិ គណៈគិលានុបដ្ឋាកជាតិ សមាគមគិលានុបដ្ឋាកជាតិ សមាគមឆ្មបជាតិ ប្រធានថែទាំមន្ទីរពេទ្យជាតិ និងប្រធានថែទាំមន្ទីរពេទ្យខេត្ត សរុបអ្នកចូលរួមដោយផ្ទាល់ចំនួន២៧រូប និងតាមប្រព័ន្ធប្រជុំនិម្មិតចំនួន ៣៧០រូប។