Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព សកម្មភាពបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំនួន១០ ក្នុងខេត្តកំពង់ឆ្នាំង
ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការចង្អុលបង្ហាញពីលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោក ស៊្រន សៀវប៉ាវ មន្រ្តីជំនួយការ បានចុះទៅពិនិត្យស្ថានភាពសកម្មភាពបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួនដប់ក្នុងខេត្តកំពង់ឆ្នាំង។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ និងលើកទឹកចិត្ត ដើម្បីពង្រឹងគុណភាពនៅមណ្ឌលសុខភាព ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ 

បេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៨ចំណុចរួមមាន៖ 

១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព 

២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស 

៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ

៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ                                                                                                                                

៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង     

៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ                       

៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា  រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។                                                      

គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជា មណ្ឌលសុខភាព ពាម ស្វាយជុក ត្បែងខ្ពស់ ធ្លកវៀន ក្រាំងល្វា ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច និងមណ្ឌលសុខភាព  អភិវឌ្ឍន៍ តាំងក្រសាំង ជើងគ្រាវ ព្រៃមូល ស្រែថ្មី ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19