ខេត្តប៉ៃលិន៖ នៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំចង្អុលបង្ហាញពី លោកជំទាវវេជ្ជ. យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការ អមដំណើរដោយឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាពចំនួន៥ ក្នុងខេត្តប៉ៃលិន ដោយចែកជាបីតំបន់ផ្សេងៗគ្នា គឺ៖ មណ្ឌលសុខភាពជាប់ព្រំដែន(មណ្ឌលសុខភាពផ្សារព្រំ) មណ្ឌលសុខភាពជិតព្រំដែន(មណ្ឌលសុខភាពភ្នំស្ពង់ អូរច្រាល និងសួនកុមារ) និងមណ្ឌលសុខភាពក្នុងតំបន់ទីទួលសុវត្ថិភាព(មណ្ឌលសុខភាពអូរច្រាល និងបរយ៉ាខា)។
ការចុះបេសកកម្មនេះ ក្នុងគោលបំណងពង្រឹង និងត្រៀមលក្ខណៈជាស្រេច ជួយសង្គ្រោះ និងថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋ តាមព្រំដែន ដោយពិនិត្យទៅលើ៖ ស្ថានភាពភូមិសាស្រ្តមណ្ឌលសុខភាព ស្ថានភាពបុគ្គលិក សម្ភារបរិក្ខា ឱសថ និងប្រព័ន្ធសរវាបញ្ជូន។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្គេតឃើញមណ្ឌលសុខភាពទាំងអស់មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ បុគ្គលិក៨ ទៅ ៩នាក់ ចំណែកសម្ភារបរិក្ខាឱសថ មានតាមស្តង់ដារ MPA ។ ប្រព័ន្ធបញ្ជូនមានរថយន្តគិលានសង្គ្រោះ និង មានការសហការជាមួយមន្ទីរពេទ្យបង្អែកក្នុងករណីមានតំរូវការបន្ទាន់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបាន
ខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ ក្នុងការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ហើយបានផ្តល់អនុសាសន៍មួយចំនួនក្នុងការត្រៀមលក្ខណៈក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុតាមបណ្តោយព្រំដែន ជាពិសេសលើផ្នែកសេវាព្យាបាល សង្រ្គោះបឋម វះកាត់តូច របួស និង សេវាផ្សេងៗទៀត។