Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) អំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសការអនុវត្តកម្មវិធីអាហារូបករណ៍វេជ្ជសាស្ត្រអាស៊ាន-ជប៉ុន និងការពង្រឹងប្រព័ន្ធថែទាំសុខភាពរយៈពេលវែងនៅកម្ពុជា។
ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការទទួលភារកិច្ចទំនាក់ទំនងសាធារណៈ អន្តរជាតិ និងតំណាង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលដឹកនាំដោយ លោកបណ្ឌិត Yasuyuki Mitsuhashi មន្ត្រីជាន់ខ្ពស់គោលនយោបាយសម្រាប់ថែទាំសុខភាពរបស់ ERIA។

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពី៖

១) កម្មវិធីអាហារូបករណ៍វេជ្ជសាស្ត្រអាស៊ាន-ជប៉ុន៖ ការណែនាំអំពីលក្ខខណ្ឌ គោលបំណង និងឱកាសសម្រាប់និស្សិត និងអ្នកវេជ្ជសាស្ត្រកម្ពុជាចូលរួម ដើម្បីពង្រីកចំណេះដឹង និងជំនាញវេជ្ជសាស្ត្រទំនើប។

២) ការវិវត្តន៍យន្តការអនុវត្ត៖ ការរិះរកវិធីសាកសមនៃការគាំទ្រពី ERIA ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល និងការថែទាំរោគរាតត្បាតរយៈពេលវែង។

៣) កិច្ចសហប្រតិបត្តិការអនាគត៖ ការពិភាក្សាលើគម្រោងស្រាវជ្រាវ ការអភិវឌ្ឍន៍នវានុវត្តន៍ និងការពង្រឹងសមត្ថភាពស្ថាប័នសុខាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំការថ្លែងអំណរគុណពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈគណៈប្រតិភូ ជូនដល់ប្រជាជនជប៉ុន អំពីសមិទ្ធិផលជាផ្លែផ្កា ជាបន្តបន្ទាប់តាមរយៈគម្រោងអភិវឌ្ឍនានានៃវិស័យសុខាភិបាល ក្នុងនោះរួមទាំងផ្នែកសេវាមន្ទីរពេទ្យ ផ្នែកបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ បានសូមទទួលស្វាគមន៍ការចូលរួមរបស់ ERIA និងសង្កត់ធ្ងន់ថា៖ កិច្ចសហការនេះនឹងជួយពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលជាតិ និងផ្តល់ឱកាសដល់បុគ្គលិកសុខាភិបាលកម្ពុជាក្នុងការទទួលបានចំណេះដឹងថ្មី។ ភាគីទាំងពីរសង្ឃឹមថា កម្មវិធីអាហារូបករណ៍នឹងជួយដល់ការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាតាមរយៈការបណ្តុះបណ្តាលជំនាញខ្ពស់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

លោកបណ្ឌិត Yasuyuki Mitsuhashi បានសម្តែងអំណរគុណដ៏ជ្រាលជ្រៅជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសុខាភិបាល ដែលតែងជួយគាំទ្រ បន្តគាំទ្រ និងថែមទាំងចង្អុលបង្ហាញទិសដៅកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ លោកបណ្ឌិត Yasuyuki Mitsuhashi ក៏បានថ្លែងថា៖ ERIA ប្តេជ្ញាចិត្តគាំទ្រកម្ពុជាក្នុងការកែទម្រង់ប្រព័ន្ធសុខាភិបាល និងការរៀបចំយន្តការថែទាំរយៈពេលវែងដែលមានប្រសិទ្ធភាព យើងរីករាយក្នុងការជួយឧបត្ថម្ភអាហារូបករណ៍ និងការផ្តល់ដំបូន្មានផ្នែកបច្ចេកទេស។

លើសពីនេះ ភាគីទាំងពីរ ក៏សុំពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល លើការចូលរួមជាមួយកម្ពុជានូវ ចំណេះដឹងកម្រិតជំនាញ និងឯកទេសផ្សេងៗអំពីសុខាភិបាល ដើម្បីអភិវឌ្ឍ និងបន្តបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសុខាភិបាល និង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានបំណងពង្រីកការបណ្តុះបណ្តាលបន្ថែមលើ​ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល បន្ថែមទៀតផងដែរ។

កិច្ចប្រជុំនេះ បានបញ្ចប់ដោយជោគជ័យ ហើយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)  បានឯកភាពលើផែនការបន្ត និងការបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12