រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការស្វែងរក និងធ្វើរោគវិនិច្ឆ័យចំពោះភ្នាក់ងារបង្ករោគ ដែលមានការគម្រាមកំហែងខ្ពស់(High-Threat Pathogens)។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមជាគ្រូបង្គោលមកពី មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យខេត្តកម្រិត CPA3 និងCPA2 ចំនួន១៦ សរុបចំនួន ២៥រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលគឺដើម្បី៖ ១) បង្កើនចំណេះដឹងគ្រូបង្គោលអំពីការចម្លងរោគដែលបង្កឡើងដោយមេរោគមានការគំរាមកំហែងខ្ពស់ ២) ការចេះកំណត់មុខសញ្ញាជាមុន ៣) ការធ្វើរោគវិនិច្ឆ័យជាក់លាក់ ៤) ការគ្រប់គ្រងស្ថានភាពចម្លង ៥) ការបណ្តុះបណ្តាលបន្តដល់បុគ្គលិកសុខាភិបាល និង ៦) ការគ្រប់គ្រងអភិបាលលើការងារបង្ការ និងការត្រួតពិនិត្យការចម្លងរោគ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តាំផ្ញើទៅសិក្ខាកាមជាគ្រូបង្គោលត្រូវយកចំណេះដឹងថ្មីៗ ទៅបណ្តុះបណ្តាលបន្ត និងត្រូវធ្វើជាជនបង្គោលIPC ជាអ្នកតាមដានវាយតម្លៃ និងជាសវនករ ព្រមទាំងជាអ្នកទំនាក់ទំនងជាមួយក្រុមការងារផ្សេងៗ សម្របសម្រួលរវាងថ្នាក់ដឹកនាំនឹងមន្ត្រី បុគ្គលិក និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍គោលនយោបាយរបស់មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាពរបស់ខ្លួន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ថាគ្រូបង្គោលត្រូវតែបង្កើតក្រុមការងារដើម្បីធ្វើការ និងត្រៀមលក្ខណៈជានិច្ចក្នុងការឆ្លើយតបទៅនឹងការលេចឡើងនូវជំងឺឆ្លងថ្មីៗដែលអាចកើតមានជាយថាហេតុ។ ប្រសិនបើមានករណីដែលមានការរកឃើញនូវជំងឺឆ្លងថ្មីត្រូវរាយការណ៍ជូនក្រសួងសុខាភិបាល ដើម្បីរកវិធានការ ការពារទុកជាមុន។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តទៀតថា ក្រុមគ្រូបង្គោលត្រូវរៀបចំ SOP សម្រាប់អនុវត្តក្នុងមន្ទីរពេទ្យ និងបង្កើតឧបករណ៍ ដើម្បីវាយតម្លៃពីលទ្ធផលដែលបានអនុវត្តកន្លងមក។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់នាយកដ្ឋានមន្ទីរពេទ្យ អង្គការដៃគូ និងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងការពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើឡើង ដើម្បីវិស័យសុខាភិបាលរីកចម្រើនជាលំដាប់ និងសូមឱ្យអង្គការដៃគូទាំងអស់ជួយគាំទ្រទាំងបច្ចេកទេស និងថវិកា លើការងារIPCនេះជាបន្តទៀត។