Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាពនៃការបម្រើសេវាសុខាភិបាល​ តាមមន្ទីរពេទ្យបង្អែកនៅតាមព្រំដែន ក្នុងខេត្តឧត្តរមានជ័យ
ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិ​ក ប៊ុណ្ណា និងឯកឧត្ដមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពការងារបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ។ 

បេសកកម្មនេះ មានគោលបំណងដើម្បីរៀបចំ និងត្រៀមខ្លួនជានិច្ច ក្នុងការបម្រើសេវាក្នុងដំណាក់កាលមានឧប្បត្តិហេតុដែលអាចកើតមានឡើងបណ្តាលមកពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

ក្នុងដំណើរចុះ​ពិនិត្យនេះ ក្រុមការងារក្រសួងសុខាភិបាល បានសង្កេតឃើញថា មន្ទីរពេទ្យទាំង ២ បានរៀបចំវេនយាមសម្រាប់ប្រតិបត្តិការក្នុងករណីពិសេសរួចរាល់អស់ហើយ និងទីតាំងបម្រើសេវា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏បានត្រៀមលក្ខណៈសម្បត្តិសមស្របផងដែរ។

ក្រុមការងារក្រសួងសុខាភិបាលក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តីសុខាភិបាលទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ និងបានត្រៀមលក្ខណៈសមស្របសម្រាប់ការកើតមានឧប្បត្តិហេតុណាមួយកើតឡើងជាយថាហេតុ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7