កិច្ចពិគ្រោះយោបល់ ស្តីពី "ការគ្រប់គ្រងតំបន់រមណីយដ្ឋានរបេតិកភណ្ឌពិភពលោក អង្គរ” ខេត្តសៀមរាប
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១
ខេត្តសៀមរាប៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមកិច្ចពិគ្រោះយោបល់ ស្តីពី "ការគ្រប់គ្រងតំបន់រមណីយដ្ឋានរបេតិកភណ្ឌពិភពលោក អង្គរ” ដែលធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ក្នុងឆ្លើយតបនៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ “កិច្ចពិគ្រោះយោបល់ស្តីពីការ គ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ” ក្នុងគោលបំណងធ្វើការពិគ្រោះយោបល់ជាមួយភាគី ពាក់ព័ន្ធ និងប្រមូលធាតុចូលសម្រាប់ការរៀបចំតាក់តែងវិធានគ្រប់គ្រង ការពារ អភិរក្ស និងតម្លៃអង្គរ ដែលជា មរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ក្នុងស្មារតីសាមគ្គី ឯកភាពជាតិ និងការទទួលខុសត្រូវរួម ដោយរក្សាបាននូវឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។
តាមរយៈសិក្ខាសាលារយៈពេល២ថ្ងៃនេះ ក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានស្វែងយល់បន្ថែមទៀតអំពី “អរិយធម៌អង្គរ” និង "ស្ថានភាព និងការគ្រប់គ្រងតំបន់សៀមរាប អង្គរ" ដើម្បីជាមូលដ្ឋានលើកកម្ពស់ស្មារតី និងមនសិការជាពលរដ្ឋមានអរិយធម៌ខ្ពង់ខ្ពស់ ពង្រឹងគោលជំហរឯកភាព សាមគ្គីផ្ទៃក្នុងជាតិ ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ព្រមទាំងផ្សផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតអំពីអរិយធម៌អង្គរ អំពីទេពកោសល្យដ៏អស្ចារ្យរបស់ជាតិសាសន៍ខ្មែរ ជាពិសេសក្នុងវិស័យរៀបចំទឹកដី នគរូបនីយកម្ម ស្ថាបត្យកម្ម សំណង់ និងសិល្បៈសម័យបុរាណ។
លទ្ធផលរំពឹងទុកនៃសិក្ខាសាលានេះនឹងសម្រេចបាននូវ៖
-ការលើកកម្ពស់ការយល់ដឹងជាសាធារណៈបន្ថែមទៀតអំពីអង្គរ
-ការឈ្វេងយល់បន្ថែមអំពីកិច្ចការការពារ ថែរក្សា អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោក អង្គរ
-ការផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗក្នុងកិច្ចការការពារ អភិរក្ស និងអភិវឌ្ឍ តំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោក អង្គរ
-ការសិក្សាស្វែងយល់បន្ថែមអំពីយន្តការពិតគួរទៅអនាគតសម្រាប់ជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។