ខេត្តបន្ទាយមានជ័យ៖ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង និងឯកឧត្ដមឱសថការី ឈី ហុង បានចុះទៅពិនិត្យមើលស្ថានភាពវឌ្ឍនភាពបច្ចុប្បន្ន និងការរៀបចំត្រៀមបម្រើសេវាក្នុងដំណាក់កាលដែលអាចកើតមានជាឧប្បត្តិហេតុ បណ្តាលមកពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា ថៃ របស់មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត នៃខេត្តបន្ទាយមានជ័យដែលមានដូចជាមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាពមានចម្ងាយពីព្រំដែនប្រមាណ៦០ម៉ែត្រ មន្ទីរពេទ្យបង្អែកប៉ោយប៉ែតមានចម្ងាយពីព្រំដែនប្រមាណ៥គីឡូម៉ែត្រ មន្ទីរពេទ្យបង្អែកស្វាយចេកមានចម្ងាយពីព្រំដែនប្រមាណ២៤គីឡូម៉ែត្រ មន្ទីរពេទ្យបង្អែកថ្មពួក មានចម្ងាយពីព្រំដែនប្រមាណ២៦គីឡូម៉ែត្រ និងមន្ទីរពេទ្យបង្អែកខេត្ត(មង្គលបូរី)។
ក្នុងដំណើរការចុះពិនិត្យមន្ទីរពេទ្យទាំងអស់ខាងលើនេះ សង្កេតឃើញថាមន្ទីរពេទ្យបានខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ និងបានត្រៀមលក្ខណៈសមស្របសម្រាប់ការកើតមានឧប្បត្តិហេតុណាមួយកើតឡើងជាយថាហេតុ។
ការចុះពិនិត្យនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តផងដែរ។