រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងអភិវឌ្ឍសមត្ថភាព មន្រ្តីនៅតាមមន្ទីរពេទ្យជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងលើកកម្ពស់គុណភាព នៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីសម្រេចបាននូវបេសកកម្ម និងគោលដៅរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយមរណភាពមាតា លោកជំទាវសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនរួមមាន៖
១. អនុវត្តផែនការយុទ្ធសាស្រ្តតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល នៅមន្ទីរពេទ្យជាតិ ដើម្បីបន្តបណ្តុះបណ្តាលដល់ មន្រ្តីសុខាភិបាលមន្ទីរពេទ្យរាជធានី-ខេត្ត និងមន្ទីរសុខាភិបាល តាមរយៈសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឱ្យចប់ត្រឹមឆ្នាំ២០២៥
២. បន្តគាំទ្រពិនិត្យករណីមរណភាពមាតា និងទារក ដែលទទួលបានពីរាជធានី ខេត្ត និងធ្វើរបាយការណ៍ដោយប្រើប្រាស់ទម្រង់ក្នុងការកំណត់មូលហេតុ និងកត្តាបង្ក កត្តាចូលរួមដូចជាការពន្យាពេលក្នុងការបម្រើសេវា ការបញ្ចូន ការមកទទួលសេវា និងពង្រឹងការធ្វើផែនការឆ្លើយតបផែ្អកលើបញ្ហារកឃើញ ដែលត្រូវអនុវត្តផ្ទាល់ដោយមូលដ្ឋានសុខាភិបាល ស្ថានប័នពាក់ព័ន្ធ និងតាមដានដោយមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។
៣. ចែករំលែកការរកឃើញពីការពិនិត្យករណីមរណភាពមាតាឆ្នាំ២០២៣-២០២៤ ក្នុងសន្និសីទប្រចាំឆ្នាំថ្នាក់ជាតិ ដើម្បីធ្វើផែនការឆ្លើយតប និងទប់ស្កាត់មរណភាពមាតាដែលអាចបង្កាបាននាពេលអនាគត។
ជាមួយគ្នាផងនេះដែរ លោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានរំលេចផងដែរថា ពិធីសារជាតិ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបនេះបានធ្វើបច្ចុប្បន្នភាពពីពិធីសារជាតិស្រាវជ្រាវមរណភាពមាតា ដោយបន្ថែម៤ចំណុចសំខាន់ៗ រួមមាន៖
១. បានធ្វើបច្ចុប្បន្នភាពលើរចនាសម្ព័ន្ធគណៈកម្មាការទាំងបីកម្រិត រួមមាន កម្រិតជាតិ កម្រិតមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងកម្រិតមន្ទីរពេទ្យខេត្ត។
២. ពង្រីកវិសាលភាពការងាដោយបញ្ចូលទាំងមរណភាពទារក
៣. បង្កើនវិសាលភាព ពីការពិនិត្យមរណភាពមាតា និងទារក មិនត្រឹមតែសេវាសាធារណៈ ប៉ុន្តែក៏ត្រូវធ្វើផងដែរលើសេវាឯកជន
៤. ផ្តោតសំខាន់លើការបង្កើនគុណភាពនៃការផ្តល់សេវានៅគ្រប់កម្រិត។
ឈ្លៀតក្នុងឱកាសនេះដែរ លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ លើកទឹកចិត្តសិក្ខាកាមដែលចូលរួមយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានពេញលេញ ដើម្បីយកចំណេះដឹងនេះ ទៅជួយបណ្តុះបណ្តាលបន្តដល់ខេត្តសម្ព័ន្ធមេត្រីភាព ក្នុងការចូលរួមជួយកាត់បន្ថយអត្រាមរណភាពមាតា និងទារក សម្រេចដល់គោលដៅនៅឆ្នាំ២០៣០។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត សរុបចំនួន ៤៨រូប។