រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មការ សល្យសាស្រ្ត សម្ភព និងសណ្តំថ្នាក់ជាតិ នៃក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណ:កម្មការ សល្យសាស្រ្ត សម្ភព និងសណ្តំថ្នាក់ជាតិ នៃក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធផលការវិភាគទិន្នន័យដើមគ្រា លើការអនុវត្តការងារ សល្យសាស្រ្ត សម្ភព និងសណ្តំ នាពេលកន្លងមក ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំក្នុងមូលដ្ឋានសុខាភិបាល សម្រាប់២០២៥ -២០៣០ ដែលគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិនេះនឹងដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៦ ស្របតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិពពលោក ជាពិសេសតាមអនុសាសន៍របស់សម្តេចមហាបវរធិបតីក៏ដូចក្រសួងសុខាភិបាល រួមមានការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកសល្យសាស្រ្ត ការបណ្តុះបណ្តាលធនធានមនុស្ស ការបម្រើសេវាប្រកបដោយគុណភាពសុវត្ថិភាព ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន ការគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់ការងារអភិបាលកិច្ច និងភាពជាអ្នកដឹកនាំផ្នែកសល្យសាស្រ្ត សម្ភព និងសណ្តំ ក្នុងប្រព័ន្ធសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានណែនាំដល់សមាជិកគណ:កម្មការ សល្យសាស្រ្ត សម្ភព និងសណ្តំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមូលដ្ឋានសុខាភិបាលឯកជន ទាំងអស់យកចិត្តទុកដាក់បន្ថែមការបម្រើសេវាសុខាភិបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:ខ្ពស់ ជាពិសេសវម្រើសេវាសល្យសាស្រ្ត សម្ភព និងសណ្តំ ប្រកបដោយប្រសិទ្ធភាព គុណភាព ទាន់ពេលវេលា និងផាសុកភាព។ ឯកឧត្តមសាស្ត្រាចារ្យ បានកត់សម្គាល់បន្ថែមថា ការវិភាគ និងការបង្ហាញពីទិន្នន័យដើមគ្រានេះ ពិតជាមានសារៈសំខាន់ណាស់ ជាសូចនករដែលមានភាពចាំបាច់ ជាគន្លឹះក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត សល្យសាស្រ្ត សម្ភព និងសណ្តំ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានមន្ទីរពេទ្យ នាយកមន្ទីរពេទ្យព្រះអង្គឌួង នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អង្គការ Vital Strategies និង WHO ចូលរួមផ្ទាល់ប្រមាណ ៣៨នាក់ និងថ្នាក់ដឹកនាំជាសមាជិកគណកម្មការសល្យសាស្រ្តថ្នាក់ជាតិ មន្ទីរសុខាភិបាលរាជធានីខេត្តមន្ទីរពេទ្យបង្អែករាជធានីខេត្តមន្ទីរពេទ្យបង្អែកកម្រិត២ និងសេវាឯកជនចូលរួមតាម Zoom សរុបចំនួន ៣៨៤នាក់។