Cambodia
ព័ត៌មានលំអិត

Image
ក្រសួងសុខាភិបាល បន្តខិតខំបង្កើនសេវាថែទាំព្យបាល នៅមូលដ្ឋានសុខាភិបាលតាមព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥


ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រុមការងារដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ  អមដំណើរដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី និងឯកឧត្តម ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន១៤ កន្លែង ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងមួយកន្លែងមណ្ឌលសុខភាពនៅតំបន់សុវត្ថិភាព (គោកមន) ដើម្បីពិនិត្យសម្រួល និងពង្រឹងសមត្ថភាពផ្នែកសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន។


ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងនៃការចុះដើម្បីពង្រឹង និងត្រៀមជួយសង្គ្រោះ និងថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែន ដោយពិនិត្យទៅលើ៖ ស្ថានភាពភូមិសាស្រ្តមណ្ឌលសុខភាព លេនដ្ឋានសុវត្ថិភាព ស្ថានភាពមន្ត្រីសុខាភិបាលជួរមុខ សម្ភារ:បរិក្ខារ ឱសថ និងប្រព័ន្ធសេវាបញ្ជូនឱ្យបានឆាប់រហ័សនិងមានសុវត្ថិភាព។ 


ក្រុមការងារសង្គេតឃើញបានសង្កេតឃើញថា គ្រប់ពិនិត្យមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំងអស់ បានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការចូលរួមសង្គ្រោះ និងថែទាំប្រជាពលរដ្ឋក្នុងករណីមានគ្រោះអាសន្ន ទន្ទឹមនេះប្រធានមន្ទីរសុខាភិបាលត្រូវគិតគូររៀបចំបំពាក់បន្ថែមសម្ភារៈបរិក្ខារសម្រាប់ការវះកាត់តូច និងថែទាំរបួស ដើម្បីបំពេញតម្រូវការជាក់ស្តែង បង្កើនសមត្ថភាពប្រព័ន្ធបញ្ជូន អោយបានឆាប់រហ័ស និងប្រសិទ្ធភាព។

 

ជាមួយគ្នានេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់ការណែនាំបន្ថែមដល់មន្រ្តីប្រចាំមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពឱ្យពង្រឹងសហការជាមួយ ជាពិសេសជាមួយមន្ទីរសុខាភិបាល ការិយាល័យសុខភាព និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនិងកងយោធពលខេមរភូមិន្ទ អោយបានជាប់ជាប្រចាំ និងសម្តែងនូវការគោរព និងកោតសរសើរដល់មន្រ្តីសុខាភិបាលនៅតាមបណ្តោយព្រំដែនទាំងអស់ ដែលមានស្មារតីស្នេហាជាតិខ្ពស់ មានការតាំងចិត្តខ្ពស់ និងបានជំនៈរាល់ឧបសគ្គក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ។


ជាចុងក្រោយឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពីឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តី សុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងគ្រប់មូលដ្ឋាន។


សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ រួមនឹងអនុប្រធានមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អន្លង់វែងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សំរោង និងការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ បន្ទាយអំពិលដោយបានសហការចុះទៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន ១៥ ទីតាំង រួមមាន៖ ១.មណ្ឌលសុខភាពអន្លង់ វែង ២. មណ្ឌលសុខភាពត្រពាំងប្រីយ៏ ៣. មណ្ឌលសុខភាពត្រពាំងតាវ ៤. មណ្ឌលសុខភាពទួលស្វាយសែនជ័យ. ៥. មណ្ឌលសុខភាពផ្អាវ ៦. មណ្ឌលសុខភាពពពេល សែនជ័យ ៧. មណ្ឌលសុខភាពត្រពាំងប្រាសាទ ៨. មណ្ឌលសុខភាពទំនប់ដាច់ ៩. មណ្ឌលសុខភាពប្រាសាទក្រហមសែនជ័យ ១០. មណ្ឌលសុខភាព គោកភ្លុក ១១. មណ្ឌលសុខភាពសំរោងសែនជ័យ ១២. មណ្ឌលសុខភាពអូរស្មាច់ ១៣. មណ្ឌលសុខភាព តាម៉ាន់សែនជ័យ ១៤. មណ្ឌលសុខភាពម គោកមន ១៥. ប៉ុស្តិ៍សុខភាព ជាំ ក្នុងដំណើរបេសកម្មដោយមានកិច្ចសហការ ពីមន្រ្តីសុខាភិបាលគ្រប់ជាន់ប្រកបដោយស្មារតីស្នេហាជាតិមោះមុត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19