ខេត្តកោះកុង៖ នៅថ្ងៃទី៥-៧ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញពី លោកជំទាវវេជ្ជ. យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការ អមដំណើរដោយឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងវេជ្ចបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការព័ត៌មានសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាពចំនួន៥ ក្នុងខេត្តកោះកុង ដោយចែកជា២ តំបន់ផ្សេងៗគ្នា គឺ៖ មណ្ឌលសុខភាពជាប់ព្រំដែន (មណ្ឌលសុខភាពនាងកុក, ប៉ាក់ខ្លង, គីរីសាគរ និងប៉ុស្តិ៍សុខភាពភ្ញីមាស) និងមណ្ឌលសុខភាពក្នុងតំបន់ទីទួលសុវត្ថិភាព (មណ្ឌលសុខភាពត្រពាំងរូង)។
ក្នុងបេសកកម្មនេះ ក្នុងគោលបំណងពង្រឹង និងត្រៀមលក្ខណៈជាស្រេច ក្នុងការជួយសង្គ្រោះ និងថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋ តាមព្រំដែន ដោយពិនិត្យទៅលើ៖ ស្ថានភាពភូមិសាស្រ្តមណ្ឌលសុខភាព ស្ថានភាពបុគ្គលិក សម្ភារបរិក្ខារ ឱសថ និងប្រព័ន្ធសេវាបញ្ជូន។
ឯកឧត្តមរដ្ឋលេខាធិការ បានសង្គេតឃើញមណ្ឌលសុខភាពទាំងអស់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មានបុគ្គលិក៨ ទៅ ៩នាក់ ចំណែកសម្ភារបរិក្ខារឱសថ មានតាមស្តង់ដារ MPA ។ ប្រព័ន្ធបញ្ជូនមានរថយន្តគិលានសង្គ្រោះ និងមានការសហការជាមួយមន្ទីរពេទ្យបង្អែកក្នុងករណីមានតំរូវការបន្ទាន់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ហើយបានផ្តល់អនុសាសន៍មួយចំនួនក្នុងការត្រៀមលក្ខណៈក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុតាមបណ្តោយព្រំដែន ជាពិសេសលើផ្នែកសេវាព្យាបាល សង្រ្គោះបឋម វះកាត់តូច របួស និងសេវាផ្សេងៗទៀត រួមទាំងសេវាបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក។