រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១៣កើត ខែអាសឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការវិទ្យាសាស្ត្ររៀបចំសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការរៀបចំសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងក្នុងការកំណត់កាលបរិច្ឆេទប្រារព្ធសន្និសីទ រៀបចំរបៀបវារៈ និងដំណើរការនៃការរៀបចំសន្និសីទ ព្រមទាំងពិភាក្សាអំពីការអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រីសាស្ត្រាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិឌ្ឍន៍ធនធានមនុស្ស និងសមាជិក សមាជិកានៃគណៈកម្មការវិទ្យាសាស្ត្ររៀបចំសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥។