រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៤:០០នាទីរសៀល នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការទទួលបន្ទុកដឹកនាំសម្របសម្រួលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ថ្នាក់ជាតិ និងរៀបចំសមយុទ្ធ អាស៊ាន ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសមយុទ្ធអាស៊ានឆ្នាំ២០២៥(ARDEX-25) និងប្រកាសសមាសភាពគណៈកម្មការ អនុគណៈកម្មការសម្របសម្រួលក្រុមវេជ្ជសាស្ត្រ សង្គ្រោះបន្ទាន់។
គោលបំណងនៃកិច្ចប្រជុំគឺពិភាក្សលើតួនាទីភារកិច្ច របស់អនុគណៈកម្មការនីមួយៗ ឱសថ សម្ភារៈ បរិក្ខារ រថយន្តសង្គ្រោះ ដែលត្រូវត្រៀមសម្រាប់អនុវត្តសមយុទ្ធអាស៊ានឆ្នាំ២០២៥(ARDEX-25)។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត បានណែនាំដល់ក្រុមវេជ្ជសាសាស្ត្រសង្គ្រោះបន្ទាន់ថ្នាក់ជាតិទាំងអស់យកចិត្តទុកដាក់ក្នុងការត្រៀមលក្ខណៈ ដូចជា ឱសថ សម្ភារៈបរិក្ខារ និងរថយន្តសង្គ្រោះ ដើម្បីអនុវត្តសមយុទ្ធអាស៊ានឆ្នាំ២០២៥ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំដោយ នាយកដ្ឋានការពារសុខភាព មានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ មន្ទីរពេទ្យថ្នាក់ជាតិ ចំនួន៨ និងមជ្ឈមណ្ឌលជាតិ ក្រោមឱវាទក្រសួងសុខាភិបាល ដែលមានសមាសភាពសរុបចំនួន៥២ រូប។