រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ JDS ទៅសិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងគោលបំណងសម្តែងការគួរសម និងទទួលនូវអនុសាសន៍សម្រាប់ចេញទៅសិក្សានៅក្រៅប្រទេស ចំនួន ២៣រូប ក្នុងនោះរួមមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានលើកឡើងនូវការសួរសុខទុក្ខ និងបញ្ជាក់ការយកចិត្តទុកដាក់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះនិស្សិតទាំងអស់ដែលត្រូវបន្តការសិក្សានៅបរទេស និងបញ្ជាក់ថា និស្សិតជ័យលាភីទាំងអស់នេះ នឹងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យបានរុងរឿងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជាគ្រប់វិស័យ។ ដែលបានបញ្ជាក់ច្បាស់ៗនូវការអភិវឌ្ឍ និងរីកចម្រើនឆាប់រហ័សនេះ គឺអាស្រ័យដោយកត្តាសុខសន្តិភាពពេញលេញ ដោយបានមកពីគោលនយោបាយឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកឡើងអំពីវឌ្ឍនភាពក្នុងវិស័យសុខាភិបាល ពិសេសការពង្រឹងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលធ្វើឱ្យការបម្រើសេវាសុខាភិបាលទទួលបានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាជនទូទាំងប្រទេស ព្រមទាំងបានបញ្ជាក់អំពីការជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការទទួលស្គាល់ និងវាយតម្លៃខ្ពស់លើសកលលោក។
ការងារកសាងធនធានមនុស្សជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមសម្រេចបាននូវមូលធនមនុស្សប្រកបដោយសមត្ថភាព គុណភាព ដើម្បីចូលរួមសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល ឱ្យប្រទេសកម្ពុជាយើងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រឹតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបានផ្តល់នូវអនុសាសន៍ ដែលធ្លាប់ទទួលបានការណែនាំពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ជូនដល់ក្មួយៗ និស្សិតទាំងឡាយសម្រាប់ការសិក្សា ការរស់នៅក្រៅប្រទេស ដើម្បីទទួលបាននូវជោគជ័យ និងត្រឡប់មកវិញចូលរួមការកសាងប្រទេសជាតិយើងឱ្យបានកាន់តែរុងរឿងនាពេលខាងមុខ។
ជាមួយគ្នានេះដែរ នៅពេលបញ្ចប់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជូននូវវត្ថុអនុស្សាវរីយ៍របស់ក្រសួងសុខាភិបាលដល់និស្សិត រួមមានសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល និងក្រមាមានរូបទង់ជាតិកម្ពុជាម្នាក់មួយ។
សូមបញ្ជាក់ផងដែរថា ពិធីជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។