រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំបន្តវគ្គបណ្តុះបណ្តាល ដល់មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិទាំង១២ ដើម្បីបំពេញតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា (Cambodian Hospital Accreditation Standards: CHAS) ដែលជាកម្រិតនិយាមសាកល។ កន្លងមកការិយាល័យធានាគុណភាពសុខាភិបាល នៃនាយកដ្ឋានមន្ទីរពេទ្យ បានសហការណ៍ជាមួយ USAID/EQHA-II បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិទាំង១២ ជាច្រើនវគ្គចាប់តាំងពីខែមេសា ឆ្នាំ២០២៤ រហូតដល់ខែមករា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាស្តីពីការបន្តរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលខាងលើនេះជាបន្តទៀត (ក្រោយពីគម្រោង USAID ត្រូវបានបិទភ្លាមៗ) ដោយមានការស្ម័គ្រចិត្តជាគ្រូឧទ្ទេស ពីអ្នកជំនាញចំនួន៥រូប ព្រមទាំងមានការចូលរួមសហការ និងរៀបចំវគ្គបណ្តុះបណ្តាលដោយការិយាល័យធានាគុណភាពសុខាភិបាល នៃនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល។ ជាលទ្ធផល៖
១/ វគ្គបណ្តុះបណ្តាលនឹងរៀបចំជាបន្តបន្ទាប់ជូនដល់មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិទាំង១២ ដើម្បីអនុវត្តបំពេញតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២៥នេះ រហូតដល់ខែឆ្នូ ឆ្នាំ២០២៥ ដោយក្នុង១ខែៗមានចំនួន៤ព្រឹក។
២/ ធ្វើបច្ចុប្បន្នភាព/កែសម្រួលទៅលើស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ ដែលសព្វថ្ងៃនេះមានស្តង់ដាសរុបចំនួន៣៦៥ ស្ថិតក្នុង ១១ ក្រុម ដើម្បីបញ្ចូលបន្ថែមនូវផ្នែកសុវត្ថិភាពអ្នកជំងឺ។
៣/ ដើម្បីពង្រីកនូវវិសាលភាពនៃការអនុវត្តការងារសុវត្ថិភាពអ្នកជំងឺឱ្យបានកាន់តែទូលំទូលាយ ក្នុងការត្រួតពិនិត្យទៅលើគុណភាព និងសុវត្ថិភាពអ្នកជំងឺ ទាំងផ្នែកសេវាសាធារណៈ និងឯកជន។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានសំដែងការកោតសរសើរដល់ក្រុមការងារជំនាញដែលបានស្ម័គ្រចិត្តបម្រើដល់វិស័យសុខាភិបាល និងបន្តចូលរួមយ៉ាងសកម្មក្នុងទិសដៅជម្រុញការផ្តល់សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើងនូវគុណភាពប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព និងបន្តអនុវត្តជាប់ជាប្រចាំតម្កល់ជាអាទិភាពការងារលើកកម្ពស់គុណភាពសេវាសុខាភិបាល។