រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ស្តីពីការពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម នៃគម្រោង H-EQIP 2 ។
គោលបំណង នៃកិច្ចប្រជុំពិភាក្សាលើចំនុចសំខាន់ៗ ដូចជា៖
-ពិនិត្យវឌ្ឍនការងារដែលសម្រេចបាន បន្ទាប់ពីកិច្ចប្រជុំប្រចាំខែមិថុនា
-កំណត់ការងារ និងពេលវេលាអនុវត្តទៅតាមផ្នែកនីមួយៗ រួមមាន៖ មូលនិធិសមធម៌សុខាភិបាល (HEF) ការពង្រឹងគុណភាព នៃការផ្តល់សេវាសុខាភិបាល ការពង្រឹង និងតាមដានការងារជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងមហារីកមាត់ស្បូន) ការពង្រឹងសមត្ថភាពលើសមភាពយេនឌ័រ និងបរិយាបន្នសង្គម និងការងារគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP)
-កំណត់ពេលវេលា ដើម្បីពិនិត្យ និងសម្រេចទៅផែនការថវិកាឆ្នាំ២០២៦ នៃគម្រោង
-និងការកំណត់ជំហានបន្ទាប់
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជ. យូ ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានសុខាភិបាលឌីជីថល នៃក្រសួងសុខាភិបាល រួមទាំងក្រុមការងារពាក់ព័ន្ធ។