Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេស PAN Procedure
ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាត ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេស ព្យាបាលជម្ងឺបេះដូងកុមារពីកំណើតដោយមិនវះកាត់ចំណាយតិចនិងឆាប់ជាសះស្បើយដែលហៅកាត់ថា PAN Procedure (Percutaneous and Non-Fluoroscopic Procedure)។

វេទិកានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃដោយមាន បទបង្ហាញ វេទិកាពិភាក្សា និងការព្យាបាលផ្សាយផ្ទាល់ពីបន្ទប់វះកាត់ដើម្បីចែករំលែកចំណេះដឹងពីបច្ចេកទេសនៃការព្យាបាលថ្មីនេះ និងបទពិសោធន៍ល្អៗដល់ក្រុមគ្រូពេទ្យកម្ពុជាយើង។ 

វេទិកាវិទ្យាសាស្រ្តនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Ningning Yang ជានាយកគ្រប់គ្រងកម្មវិធី អភិវឌ្ឍសមត្ថភាព របស់អង្គការសហប្រជាជាតិតំណាងអង្គការសហប្រជាជាតិនិងឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា រួមនិងភ្ញៀវជាតិកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ 

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិ ដែលបានផ្តល់ថវិកាគាំទ្រលើការអនុវត្តគម្រោង PAN Procedure និងវេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេសនេះនៅប្រទេសកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានូវអគ្គាមន្ទីរពេទ្យទំនើបបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រជាច្រើន និងបន្តជួយដល់មន្ទីរពេទ្យលើការបណ្តុះបណ្តាលធនធានមនុស្យជាបន្តបន្ទាប់ ចូលរួមចំណែកដ៏សំខានក្រៃលែង ដើម្បីចូលរួមចំណែកសម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ដ៏ដូចជាអាទិភាពសុខាភិបាល និងឈានទៅរកការសម្រេចបាននូវការគ្រប់ដណ្តប់សុខភាពជាសាកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ជូនថា វេទិកាវិទ្យាសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រើប្រាស់បច្ចេកទេសនេះ ប្រព្រឹត្តទៅរយៈពេលពេលពីរថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានវាគ្មិនសុទ្ធតែគ្រូពេទ្យឯកទេស អ្នកស្រាវជ្រាវ អ្នកមានបទពិសោធច្បាស់លាស់មកពីបណ្តាប្រទេសផ្សេងៗ រួមមាន ប្រទេសចិន អ៊ីតាលី បណ្តាប្រទេសអាស៊ានមួយចំនួនសរុប៨ប្រទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9