រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ អមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងមន្ត្រីបច្ចេកទេស ៤រូប បានចូលរួមវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលសហការរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។
វេទិកាកម្ពុជា ៤.០ លើកទី៥នេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងពីក្របខណ្ឌគោលនយោបាយយុទ្ធសាស្រ្ត អាទិភាពរបស់ក្រសួងសុខាភិបាល វឌ្ឍនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីប្រើប្រាស់លើកកម្ពស់ការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។
វេទិកានេះមានការចូលរួមសុន្ទរកថាគន្លឹះ ដោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងក្រសួង ស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ គ្រឹះស្ថានបណ្តុះបណ្តាល និស្សិត និងសមាជិក សមាជិការ ស.ស.យ.ក. សរុបប្រមាណ ៣០០ នាក់។