Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍
ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៤

ព្រះរាជាណាចក្រថៃឡង់ដ៍៖ នៅរសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យអារញ្ញប្រាថេតដែលផ្តល់សេវាព្យាបាលជំងឺអេដស៍ ក្នុងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍។ 

ដំណើរទស្សនកិច្ចនេះជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការនៅប្រទេសថៃ។ នៅពេលខាងមុខអ្នកបច្ចេកទេសកម្ពុជានឹងពិភាក្សាលម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈយោគយល់ឱ្យពលករខ្មែរអាចធ្វើតេស្តនៅមន្ទីរពេទ្យណាមួយនៅព្រះរាជាណាចក្រថៃឡង់ដ៍។

គណៈប្រតិភូអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមមាន ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី  ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ អមដំណើរគណៈប្រតិភូរួមមាន  ឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ លោកជំទាវអភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ HACC & AHF ។

ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានលោក Chawwanate Yimprasert អភិបាលរងខេត្តស្រះកែវ លោកប្រធានមន្ទីរសុខាភិបាលខេត្តស្រះកែវ ប្រធានមន្ទីរពេទ្យអារញ្ញប្រាថេត ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងផ្នែកជំងឺអេដស៍ និងកាមរោគ នៃក្រសួងសុខាភិបាលថៃ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ (AHF SWING និង World Vision) ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10