ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការ បានចុះមកខេត្តព្រះវិហារ ដើម្បីពិនិត្យ និងគាំទ្រសកម្មភាពការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ចំនួន៦ ដោយក្នុងនោះ រួមមាន៖
១)មណ្ឌលសុខភាព ឈើទាលគង
២)មណ្ឌលសុខភាព សែនជ័យ
៣)មណ្ឌលសុខភាព តេជោមរកត
៤)មណ្ឌលសុខភាព សែនរុងរឿង៣
៥)មណ្ឌលសុខភាព សែនរុងរឿង២
៦)មណ្ឌលសុខភាព សែនរុងរឿង១ និងក្រុមគ្រូពេទ្យសង្រ្គោះបឋមប្រចាំការនៅទីទួលសុវត្ថិភាពក្នុងវត្តពោធិ៍៥០០០។
ដំណើរការចុះពិនិត្យនេះ បានផ្តោតទៅលើចំណុចចំនួន៦ រួមមាន៖
១-ពិនិត្យទៅលើឱសថ បរិក្ខារ ដែលក្រសួងសុខាភិបាលបានផ្តល់ជូនទៅកាន់មណ្ឌលសុខភាព និងស្វែងយល់ពីតម្រូវការជាក់ស្តែងបន្ថែម
២-ពិនិត្យមើលកន្លែងសុវត្ថិភាពដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ
៣-ពិនិត្យទៅលើសមត្ថភាពមន្រ្តី បុគ្គលិកសុខាភិបាលក្នុងការជួយសង្រ្គាះបឋម
៤-ពិនិត្យទៅលើរបៀបបញ្ជូនអ្នកជំងឺ
៥-ការចូលរួមសហការណ៍ពីអាជ្ញាធរ មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ
៦-ពិនិត្យបន្ថែមទៅលើវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព។ ជារួម មណ្ឌលសុខភាពទាំងអស់បានត្រៀមលក្ខណៈរួចរាល់ក្នុងការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងករណីមានគ្រោះអាសន្នកើតឡើងជាយថាហេតុ។ បន្ថែមពីនេះក្រុមការងារ បានពិភាក្សាការងារជាមួយមន្ទីរសុខាភិបាល លើការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំលេណដ្ឋានជូនមណ្ឌលសុខភាពណាដែលមិនទាន់មាន និងការពង្រឹងសមត្ថភាពបន្ថែមទៅលើប្រព័ន្ធបញ្ជូនឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។ ចំពោះក្រុមគ្រូពេទ្យសង្រ្គោះបឋមប្រចាំការនៅទីទួលសុវត្ថិភាពក្នុងវត្តពោធិ៍៥០០០ ផ្តោតលើការផ្សព្វផ្សាយសារអប់រំសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យទទួលទានទឹកស្អាត ហូបស្អាត និងរស់នៅស្អាត ដើម្បីជៀសផុតពីជំងឺរាគរូស ជំងឺផ្លូវដង្ហើមផ្សេងៗ និងសូមប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សាស្ត្រាចារ្យ ឈាង រ៉ា ព្រមទាំងថ្លែងអំណរគុណដល់បុគ្គលិក និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ សូមបុគ្គលិក និងមន្រ្តីសុខាភិបាលទាំងអស់ពង្រឹងស្មារតី និងត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួនឯងផង និងក្នុងការបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផង។
គួរបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អនុប្រធានមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងអាជ្ញាធរភូមិ-ឃុំ។