Cambodia
ព័ត៌មានលំអិត

Image
ក្រុមការងារសុខាភិបាល បន្តខិតខំពង្រឹង គាំទ្រសេវាសុខាភាពតាមព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តឧត្តរមានជ័យ៖ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី និង ឯកឧត្តម ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញបន្តចុះពិនិត្យមណ្ឌលសុខភាព និងប៉ុស្ត៏សុខភាពចំនួន០៥ កន្លែង ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងមួយកន្លែងមណ្ឌលសុខភាពនៅតំបន់សុវត្ថិភាព (គោកមន) ដើម្បីពិនិត្យ សម្រួល និងពង្រឹងសមត្ថភាពថែទាំសុខភាព ជូនបងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន។ ក្នុងបេសកម្មនេះ បានចុះពិនិត្យការងារមួយជំនួនដូចជា៖ ស្ថានភាពសំណង់ សុវត្ថិភាពលេនដ្ឋាន ត្រៀមប្រចាំការ របស់មន្ត្រីសុខាភិបាល ការផ្គត់ផ្គង់ឱសថ បរិក្ខារ និងប្រព័ន្ធបញ្ជូន

តម្រូវការ ផ្នែកវះកាត់តូច សង្រោះបថម និងថែទាំរបួស។ ក្រុមការងារបានសង្កេតឃើញថា មណ្ឌលសុខភាព និងប៉ុស្ត៏សុខភាព បានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការចូលរួមសង្គ្រោះ និងថែទាំប្រជាពលរដ្ឋក្នុងករណីមានគ្រោះអាសន្ន ទន្ទឹមនេះ ប្រធានមន្ទីរសុខាភិបាល ត្រូវគិតគូររៀបចំបំពាក់បន្ថែមសម្ភារៈ បរិក្ខារសម្រាប់ការវះកាត់តូច និងថែទាំរបួស ដើម្បីបំពេញតម្រូវការជាក់ស្តែង បង្កើនសមត្ថភាពប្រព័ន្ធបញ្ជូន អោយបានឆាប់រហ័ស និងប្រសិទ្ធភាព។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់ការណែនាំបន្ថែមដល់មន្រ្តីប្រចាំមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពឱ្យពង្រឹងសហការគ្នា ជាពិសេសជាមួយមន្ទីរសុខាភិបាល ការិយាល័យសុខភាព និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋនិងកងយោធពលខេមរភូមិន្ទ អោយបានជាប់ជាប្រចាំ និងសម្តែងនូវការគោរព និងកោតសរសើរដល់មន្រ្តីសុខាភិបាល នៅតាមបណ្តោយព្រំដែនទាំងអស់ ដែលមានស្មារតីស្នេហាជាតិ មានការតាំងចិត្តខ្ពស់ និងបានជំនៈរាល់ឧបសគ្គ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពីឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋ និងសូមបួងសួងដល់ទេវតា និងវត្ថុសក្កិសិទ្ធិទាំងអស់ក្នុងលោក ឲ្យតាមថែរក្សា និងប្រទានពរជ័យដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសុខាភិបាលជួរមុខទាំងអស់ ដែលកំពុងឈរជើងបំពេញបេសកម្មក្នុងការការពារបូរណភាពដែនដី និងសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋ សូមមានកម្លាំងមាំមួន សុខភាពល្អទទួលជោគជ័យក្នុងការការពារបូរណភាពដែនដីកម្ពុជា។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោកហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តមានជ័យ  លោកម៉ៅមឿនអភិបាលរងស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបន្ទាយអំពិល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សំរោង ដោយបានសហការចុះទៅតាមមណ្ឌលសុខភាពជាប់ព្រំដែនកម្ពុជា-ថៃ ជាប់គៀក និងប្រាសាទ តាមាន់ធំ និងប្រាសាទតាក្របី ចំនួន៥ទីតាំង រួមមាន៖ ១មណ្ឌលសុខភាព សែនមនោរម្យ ២-មណ្ឌលសុខភាព តេជោថ្មដូន ៣-មណ្ឌលសុខភាព អំពិលសែនជ័យ ៤-មណ្ឌលសុខភាព ហាលៀមសែនជ័យ ៥-មណ្ឌលសុខភាព រំដួលសែនជ័យ និងមួយកន្លែងមណ្ឌលសុខភាពនៅតំបន់សុវត្ថិភាព (គោកមន)។

ក្នុងដំណើរបេសកម្មដោយមានកិច្ចសហការ ពីមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់មានទឹកចិត្តនិងស្មារតីស្នេហាជាតិមោះមុត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12