ខេត្តបន្ទាយមានជ័យ : ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញ ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាព មណ្ឌលសុខភាព និង បុស្ដិ៍សុខភាព ចំនួន៨ ក្នុងខេត្តបន្ទាយមានជ័យរួមមាន៖
១. មណ្ឌលសុខភាព រលួស
២. មណ្ឌលសុខភាព គោករមៀត
៣. មណ្ឌលសុខភាព បឹងត្រកួន
៤. មណ្ឌលសុខភាព ចក់ពួក
៥. មណ្ឌលសុខភាព បន្ទាយឆ្មារ
៦. បុស្ដិ៍សុខភាព ប្រាសាទត្បែង
៧. បុស្ដិ៍សុខភាព ខ្វាវលិច និង
៨. បុស្ដិ៍សុខភាព ស្លែង។
ក្រុមការងារក៏បានចុះសួរសុខទុក្ខបុគ្គលិកពេទ្យប្រចាំការនៅច្រកទ្វារតំបន់បឹងត្រកួន។ បេសកកម្មនេះ មានគោលបំណងដើម្បីរៀបចំ ណែនាំបុគ្គលិក និងមន្ត្រីសុខាភិបាលទាំងអស់ ពង្រឹងស្មារតី និងត្រៀមលក្ខណៈជានិច្ច ក្នុងការបម្រើសេវា នៅពេលមានឧប្បត្តិហេតុដែលអាចកើតមានឡើងបណ្តាលមកពីភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ។
ការចុះពិនិត្យ និងគាំទ្រដល់មណ្ឌលសុខភាព នេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
១. ពិនិត្យលេីការគ្រប់គ្រង ការផ្តល់ឱសថ ឱ្យបានសមស្របតាមតម្រូវការ
២. ការថែទាំ ឧបករណ៍បរិក្ខារពេទ្យ
៣. ពិនិត្យទៅលើប្រព័ន្ធបញ្ជូនអ្នកជំងឺ
៤. ពិនិត្យមេីលកន្លែងសុវត្ថិភាពដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋ
៥. ការកែលម្អ និងលើកគុណភាពសេវា
៦. ការព្យាបាល សង្គោះបឋម វះកាត់តូច របួស និងសេវាផ្សេងៗទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុកទុក្ខពីឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះមានការចូលរួមពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីការិយាល័យស្រុកប្រតិបត្តិថ្មពួក ៕