Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាព ចំនួន៥ ក្នុងខេត្តពោធិ៍សាត់
ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំចង្អុលបង្ហាញពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការ អមដំណើរដោយឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការព័ត៌មានសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាពចំនួន៥ ក្នុងខេត្តពោធិ៍សាត់ ដោយចែកជា២ តំបន់ផ្សេងៗគ្នា គឺ៖ មណ្ឌលសុខភាពជាប់ព្រំដែន(មណ្ឌលសុខភាពហ៊ុនសែនថ្មដា)  និងមណ្ឌលសុខភាពក្នុងតំបន់ទីទួលសុវត្ថិភាព(មណ្ឌលសុខភាពអូរសោម អន្លង់រាប ឧទ្យានសំកុសសែនជ័យ និងប្រម៉ោយ)។

ការចុះបេសកកម្មនេះ ក្នុងគោលបំណងពង្រឹង និងត្រៀមលក្ខណៈជាស្រេច ជួយសង្គ្រោះ និងថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋ តាមព្រំដែន ដោយពិនិត្យទៅលើ៖ ស្ថានភាពភូមិសាស្រ្តមណ្ឌលសុខភាព ស្ថានភាពបុគ្គលិក សម្ភារបរិក្ខារ ឱសថ និងប្រព័ន្ធសេវាបញ្ជូន។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្គេតឃើញមណ្ឌលសុខភាពទាំងអស់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មានបុគ្គលិក៨ ទៅ ៩នាក់ ចំណែកសម្ភារៈបរិក្ខារឱសថ មានតាមស្តង់ដារ MPA ។ ប្រព័ន្ធបញ្ជូនមានរថយន្តគិលានសង្គ្រោះ និង មានការសហការជាមួយមន្ទីរពេទ្យបង្អែកក្នុងករណីមានតំរូវការបន្ទាន់។ 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ ក្នុងការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ហើយបានផ្តល់អនុសាសន៍មួយចំនួនក្នុងការត្រៀមលក្ខណៈក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុតាមបណ្តោយព្រំដែន ជាពិសេសលើផ្នែកសេវាព្យាបាល សង្រ្គោះបឋម វះកាត់តូច របួស និង សេវាផ្សេងៗទៀត រួមទាំងសេវាបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13