ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចុះអភិបាលគាំទ្រ និងពិនិត្យមើលការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកសំពៅលូន។
នៅក្នុងដំណើរចុះនេះ ក្រុមការងារក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលក៏ដូចជាមន្ទីរពេទ្យខេត្តបានរួមគ្នាពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ សម្ភារៈបរិក្ខារ ឱសថ និងការរៀបចំបុគ្គលិកនៅតាមមន្ទីរពេទ្យដើម្បីត្រៀមក្នុងការបម្រើសេវាសុខាភិបាល ក្នុងករណីកើតមានឧប្បត្តិហេតុនៅតាមព្រំដែន។
ជាមួយគ្នានេះដែរ សម្រាប់មន្ទីរពេទ្យបង្អែខេត្តពោធិ៍សាត់(CPA3) ក្រុមការងារក្រសួងសុខាភិបាល មន្ទីសុខាភិបាល និងមន្ទីរពេទ្យបានពិភាក្សារួមគ្នាក្នុងការធ្វើការកែលម្អទីតាំងផ្ដល់សេវាមួយចំនួន និងបានរៀបចំជាក្រុមគ្រូពេទ្យក្នុងការឆ្លើយតបបន្ទាន់ក្នុងករណីចាំបាច់។ សម្រាប់មន្ទីរពេទ្យបង្អកខេត្តបាត់ដំបង (CPA3) គឺបានរៀបចំវេនភារកិច្ចប្រចាំការសម្រាប់ប្រតិបត្តិការក្នុងករណីពិសេស រួមទាំងទីតាំងបម្រើសេវា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏បានត្រៀមលក្ខណៈសម្បត្តិសមស្របផងដែរ។ ដោយឡែកមន្ទីរពេទ្យបង្អែកសំពៅលូន (CPA2) ក៏មានហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ និងបរិវេណទីធ្លាសមស្របក្នុងការផ្ដល់សេវាតាមតម្រូវការ។ មន្ទីរពេទ្យបង្អែកទាំងបីខាងលើមានសមត្ថភាពក្នុងបម្រើសេវាបានយ៉ាងល្អប្រសើរ ជាមួយធនធានមនុស្ស និងសម្ភារៈបរិក្ខារសមស្របដែលអាចបម្រើសេវាឆ្លើយតបបានក្នុងគ្រាអាសន្ន ក្នុងឧប្បត្តិហេតុណាមួយតាមព្រំដែន។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក្រសួងសុខាភិបាល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលបានខិតខំបំពេញការងារក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ និងបានត្រៀមលក្ខណៈបានយ៉ាងសមស្រប។