Cambodia
ព័ត៌មានលំអិត

Image
ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យបង្អែកព្រៃកបាស ជុំទី៣ ឆ្នាំ២០២៥ នៅខេត្តតាកែវ
ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តតាកែវ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួល បានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យបង្អែកព្រៃកបាស ជុំទី៣ ឆ្នាំ២០២៥ នៅខេត្តតាកែវ។

គោលបំណងនៃបេសកកម្មផ្តោតសំខាន់លើការងារ ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និងផ្នែកគ្រប់គ្រងឱសថ សម្ភារ បរិក្ខារពេទ្យ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តតាកែវ  ដែលបានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួងបានឱ្យឃើញមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក នៅជុំទី១ និងជុំទី២ កាលពីចុងឆ្នាំ២០២៣ និង២០២៤ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែមនឹងត្រូវបានបន្តដោះស្រាយជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងបានជូនពរមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ សូមមានកម្លាំងមាំមួន សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ 

គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការ ចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែក ទាំង២ រួមមាន មន្ទីរបង្អែកបាទី និងមន្ទីរពេទ្យបង្អែកព្រៃកបាស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10