រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងទទួលបានការផ្តល់យោបល់ពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោង ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យលើដំណើរការអនុវត្តកម្មវិធីជំងឺមិនឆ្លង នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដើម្បីត្រៀមលក្ខណៈក្នុងការអនុវត្តសកម្មភាព បន្តឱ្យសម្រេចលទ្ធផលបានតាមគោលដៅដែលបានគ្រោងទុក។
កិច្ចប្រជុំនេះ បានពិភាក្សាលើចំនុចសំខាន់ៗ ដូចជា៖
១) ពិភាក្សាលើការកំណត់សូចនាករ នៃការធ្វើ Screening ជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន
២) គោលដៅក្នុងការពិនិត្យរកជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន
៣) ពិនិត្យឡើងវិញលើលក្ខខណ្ឌក្នុងការផ្តល់ថវិកាលើកទឹកចិត្តដល់មណ្ឌលសុខភាព
៤) ពិភាក្សាលើផែនការសកម្មភាពជំងឺមិនឆ្លងដែលត្រូវអនុវត្តបន្តដើម្បីបង្កើនអត្រាពិនិត្យរកជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន។
សូមបញ្ជាក់ថាផងដែរថា ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោកស្រីសាស្ត្រារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក តឹក សុភឿន អគ្គនាយករងរដ្ឋបាល និងហិរញ្ញ លោកស្រីវេជ្ជបណ្ឌិត លី ណារ៉េត អ្នកឯកទេសសុខភាពជាន់ខ្ពស់របស់ធនាគារពិភពលោក និងតំណាងដៃគូអភិវឌ្ឍន៍រួមមាន, KOICA, GFF, DFAT, KfW ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ទីភ្នាក់ជាតិបញ្ជាក់ចំណាយ និងនាយកដ្ឋានការពារសុខភាព ។