រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្តីពី ការបញ្ចូលរបាយការណ៍សង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារក (EmONC) តាមប្រព័ន្ធនិម្មិត (ZOOM) ស្តីពីការដៅផែនទីភូមិសាស្ត្រ(GIS) នៃសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត (EmONC) ដើម្បីប៉ាន់ប្រមាណរយៈពេលធ្វើដំណើរ ក្នុងគោលដៅពង្រឹងបណ្តាញ និងមុខងារនៃគ្រឹះស្ថានសេវា EmONC នៅប្រទេសកម្ពុជា និងការប្រើប្រាស់ឧបករណ៍វាយតម្លៃ សេវា EmONC។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការឧបត្ថម្ភគាំទ្រពីអង្គការ UNFPA ក្នុងគោលបំណង ប្រើប្រាស់ឧបករណ៍វាយតម្លៃ និងទទួលបានព័ត៌មានជាក់លាក់ និងទាន់ពេលវេលាតាមរយៈ EmONC Assessment Tool ធ្វើឱ្យយើងអាចដោះស្រាយបញ្ហាជួបប្រទះកាន់តែមានប្រសិទ្ធភាព។
លោកជំទាវសាស្រ្តាចារ្យក៏បានផ្តល់អនុសាសន៍ ការងារវាយតម្លៃនេះធ្វើឱ្យបានប្រសើរឡើងពីព្រោះគ្រប់មូលដ្ឋាន EmONC អាចត្រៀមក្នុងការសង្គ្រោះបន្ទាន់ ឬបញ្ជូនទាន់ពេលវេលាតាមរយៈការប្រើប្រាស់បញ្ជីផ្ទៀងផ្ទាត់ (Light Assessment Tool) អនុវត្តរាល់ថ្ងៃ ទាំងសេវាសាធារណៈ និងសេវាឯកជន ការប្រមូលទិន្នន័យនេះមានសារៈប្រយោជន៍សម្រាប់វិភាគ វាយតម្លៃ សេវាសង្គ្រោះបន្ទាន់ និងធ្វើផែនការឆ្លើយតប ដើម្បីសម្រេចគោលដៅ ក្នុងការលើកកម្ពស់គុណភាពសេវា សុខភាពមាតា និងទារក ដើម្បីធានាថាស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវទទួលបានសេវាសង្គ្រោះបន្ទាន់ក្នុងរយៈពេលក្រោម២ម៉ោង ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយមរណភាពមាតា និងទារក។ លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា ឧបករណ៍វាយតម្លៃសេវា EmONC មានសារៈប្រយោជន៍ក្នុងការប្រមូលទិន្ន័យបានទាន់ពេលវេលា ជាប់ជាប្រចាំ ដើម្បីឱ្យអ្នកគ្រប់គ្រងអាចដោះស្រាយនូវបញ្ហា និងកែលម្អគុណភាពសេវាបានកាន់តែប្រសើរ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមធ្វើបទបង្ហាញពីក្រុមជំនាញនៃអង្គការUNFPA អ្នកគ្រប់គ្រងប្រព័ន្ធមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យកាលម៉ែត និងមានការចូលរួមពីប្រធាន/អនុប្រធានមន្ទីរ នៃរដ្ឋបាលខេត្ត រាជធានី ប្រធាន MCH ខេត្ត ប្រធាន ស្រុកប្រតិបត្តិ ប្រធានផ្នែកសម្ភព ប្រធានផ្នែក ទារក នាយសាសផ្នែកសម្ភព នាយសាលផ្នែកទារក ប្រធានមូលដ្ឋានសុខាភិបាល BEmONC ៨ខេត្ត(កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ធំ)និងសេវាឯកជនដែលមានអ្នកចូលរួមសរុបចំនួន ២២៦នាក់។