រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យមើលលើការបង្កើតវីដេអូគំនូរមានចលនា (Video Animation) ទាក់ទងនឹងជំងឺមិនឆ្លង នៃគម្រោង H-EQIP 2 ។
គោលបំណង នៃកិច្ចប្រជុំ៖
- ពិនិត្យលើវីដេអូ (Video) និងខ្លឹមសារ (Script) ដែលបានបង្ហាញដោយក្រុមហ៊ុនទទួលអនុវត្តការងារ
- កែលំអសេចក្ដីព្រាង និងគ្រោង នៃវីដេអូមួយៗឱ្យទាក់ទង សំខាន់ទៅនឹងការផ្លាស់ប្ដូរឥរិយាបថរបស់ ប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព
- ផ្ដល់គោលការណ៍សំខាន់ៗ ក្នុងការរៀបចំវីដេអូអប់រំផ្សព្វផ្សាយឱ្យមានការចាប់អារម្មណ៍ពីអ្នកមេីល និងឱ្យពាក់ព័ន្ធទៅនឹងជំងឺលេីសសំពាធឈាម ទឹកនោមផ្អែម និងមហារីកមាត់ស្បូន
- ក្រុមហ៊ុន ត្រូវសហការជាមួយមជ្ឈមណ្ឌលជាតិលេីកកំពស់សុខភាព និងរៀបចំឱ្យចេញជាសេចក្ដីព្រាងថ្មីមួយទៀត ដេីម្បីជូន គណៈកម្មការពិនិត្យម្តងទៀត រយៈពេលមួយសប្ដាហ៍
- នាយកដ្ឋានការពារសុខភាព ត្រូវសហការជាមួយមជ្ឈមណ្ឌលជាតិលេីកកំពស់សុខភាព និងក្រុមហ៊ុន ដេីម្បីឱ្យការងារសម្រេចបានជោគជ័យ តាមពេលវេលាដែលបានកំណត់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងលោក លោកស្រី តំណាងនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល និងក្រុមហ៊ុនទីប្រឹក្សាផ្តល់សេវាកម្ម។