ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង៣០នាទីរសៀល លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។
ពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) ឯកឧត្តឯកអគ្គរដ្ឋទូត អូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងឱ្យវិស័យឯកជនជាច្រើនបានចូលរួម។
ក្នុងឱកាសបើកអង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនថារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩។ យន្តការនេះ បានអនុញ្ញាតឱ្យវិស័យឯកជនលើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងកង្វល់ ដើម្បីស្នើសុំដំណោះស្រាយ និងអន្តរាគមន៍ពីរាជរដ្ឋាភិបាល សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការវិនិយោគ។ ទន្ទឹមគ្នានេះ មានការប្រជុំដោះស្រាយបញ្ហាប្រឈមតាមវិស័យ នៅតាមក្រសួង ស្ថាប័នផងដែរ ដែលយន្តការទាំង ២ នេះ បានដោះស្រាយ នូវបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជនជាច្រើន និងកំពុងដោះស្រាយនូវបញ្ហានៅសេសសល់មួយចំនួនទៀត។
តាមរយៈកិច្ចខិតខំរបស់រាជរដ្ឋាភិបាល កិច្ចសម្របសម្រួលក្នុងការដោះស្រាយ និងសម្រួលការងារវិនិយោគនេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៥ នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំដល់តំណាងក្រសួង ស្ថាប័ន អង្គទូត និងវិស័យឯកជន ជួយកិច្ចសហការផ្សព្វផ្សាយនូវរបាយការណ៍នេះដល់ដៃគូពាក់ព័ន្ធជ្រាបជាព័ត៌មាន។