Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការពិនិត្យ និងពិភាក្សាលើលទ្ធភាព នៃការបង្កើនគុណភាពទិន្នន័យចុះបញ្ជី ដើម្បីគាំទ្រកិច្ចការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម
ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥  ឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យ និងពិភាក្សាលើលទ្ធភាព នៃការបង្កើនគុណភាពទិន្នន័យចុះបញ្ជី ដើម្បីគាំទ្រកិច្ចការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម ដែលរៀបចំ ដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

កិច្ចប្រជុំបានពិភាក្សាលើចំណុចសំខាន់ចំនួន ២ គឺ៖ ១) ពិភាក្សាលើការរៀបចំប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ទាក់ទងនឹងមូលនិធិសមធម៌សុខាភិបាល និងកិច្ចការពាក់ព័ន្ធ រាប់បញ្ចូលទាំងការកំណត់អត្តសញ្ញាណគ្រួសារជនក្រីក្រជាគោលដៅ និងការទូទាត់ជូនអ្នកផ្តល់សេវា ជាដើម។

២) ពិភាក្សាលើកង្វល់ និងបញ្ហាប្រឈមមួយចំនួន ដូចជាការកំណត់អត្តសញ្ញាណគ្រួសារជនក្រីក្រ ការបង្កើនសុក្រឹត្រភាព និងតម្លាភាព នៃទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ ព្រមទាំងបញ្ហាពង្រឹងគុណភាពនៃការចុះបញ្ជីផងដែរ ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាង ក្រសួងសុខាភិបាល និងក្រសួងផែនការ  ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី  នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ព្រមទាំងអ្នកពាក់ព័ន្ធសរុបមាន ចំនួន ១៨ រូប។

Image 1
Image 2
Image 3