រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:៣០នាទីព្រីក ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំសិក្ខាសាលាជាតិស្តីពីការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការនៃគម្រោងស្រាវជ្រាវបែបអនុវត្តដែលហៅកាត់ថា AMS-HICAP នៅព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងតាមប្រព័ន្ធសិប្បនិម្មិត (Zoom)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ បានវាយតម្លៃខ្ពស់ដល់វឌ្ឍនភាពដែលសម្រេចបានទាក់ទងនឹងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាលដែលបានអនុវត្តកន្លងមក និងបានកោតសរសើរដល់ក្រុមការងារដែលមានសមាសភាពចូលរួមចម្រុះពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិ បាល នាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារអង្គរ អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងសាកលវិទ្យាល័យជាតិសិង្ហបុរី ក្នុងការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅកម្ពុជា។ ឯកឧត្តមបានផ្តល់ជាអនុសាសន៍ថា ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគទាមទារឱ្យមានចក្ខុវិស័យវែងឆ្ងាយ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ និងប្រកបដោយនិរន្តរភាព។ ការរួមគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិនេះ គឺជាគំរូដ៏ល្អមួយនៃកិច្ចសហការគ្នាពីភាគីពាក់ព័ន្ធ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា យើងត្រូវជុំគ្នា ជជែករួមគ្នា និងធ្វើការជាមួយគ្នាដើម្បីអនុត្តគោលនយោបាយ និងឈានទៅសម្រេចគោលដៅសុខាភិបាលទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យក៏បានផ្តល់ជាអនុសាសន៍គន្លឹះៗ ដល់ក្រុមការងារក្នុងការរៀបចំសិក្ខាសាលាមួយនេះ ឱ្យមានភាពអធិកអធមសាកសមជាសិក្ខាសាលាជាតិ និងពោរពេញទៅដោយខ្លឹមសារក្នុងការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងរយៈពេលយូរអង្វែង។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកសាស្ត្រាចារ្យ កឹម សាវួន អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោកសាស្ត្រាចារ្យ បូរី សុថ្ថារិទ្ធ ប្រធានផ្នែកជំងឺទូទៅ និងប្រធានអ៊ុយនីតេជំងឺឆ្លងនៃមន្ទីរពេទ្យកាល់ម៉ែត លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ KHANA លោកសាស្ត្រាចារ្យជំនួយ ងួន ច័ន្ទភត្រា នាយកមន្ទីរពេទ្យកុមារអង្គរ លោកសាស្ត្រាចារ្យ Hsu Li Yang មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី និងមន្រ្តីបុគ្គលិកគាំទ្រពីអង្គភាពពាក់ព័ន្ធសរុបចំនួន ២០ នាក់៕