Cambodia
ព័ត៌មានលំអិត

Image
កិច្ចពិភាក្សាការងារជាមួយអង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI)
ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត ជី សុជាតិ ប្រធានអង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះអង្គការ PSI ដែលបានសហការគាំទ្រវិស័យសុខាភិបាល ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក លើកម្មវិធីជាច្រើន ដូចជាសុខភាពមាតា សុខភាពបន្តពូជ ពន្យារកំណើត បង្ការជំងឺអេដស៍ និងកម្មវិធីផ្សេងទៀតជាច្រើន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គការអំពីអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសាកលនាឆ្នាំ២០៣៥។

លោកស្រីប្រធានអង្គការ PSI បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលតែងតែគាំទ្រដល់សកម្មភាពរបស់អង្គការក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល។ លោកស្រីក៏បានជម្រាបជូន អំពីបច្ចុប្បន្នភាពគម្រោងរបស់អង្គការអន្តរជាតិបម្រើសេវាថែទាំសុខភាពប្រជាជន ដែលគម្រោងខ្លះបានបញ្ចប់ និងគម្រោងមួយចំនួនទៀតកំពុងបន្តអនុវត្ត។ លោកស្រីប្រធានអង្គការ បានគូសបញ្ជាក់ពីគោលជំហររបស់អង្គការក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរថែមទៀតទោះបីជាអង្គការបានជួបនូវការលំបាកផ្នែកហិរញ្ញវត្ថុខ្លះៗក៏ដោយ និងបានស្នើសុំការគាំទ្របន្ត ព្រមទាំងស្នើសុំអនុសាសន៍ ដើម្បីបន្តការអនុវត្តគម្រោង និងការរក្សានិរន្តរភាពគម្រោងដែលនៅសេសសល់។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាក្រសួងសុខាភិបាល គាំទ្រសកម្មភាពការងាររបស់អង្គការ PSI ដែលបានសហការ និងអនុវត្តតាមគោលនយោបាយ និងគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល ក្នុងការធានាបាននូវការវម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងលោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល  ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ តំណាងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងតំណាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10