ខេត្តកោះកុង៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ លោកឱសថការី ហ៊ុន ហួង និងលោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រែអំបិល។
ក្រោយសកម្មភាពចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងជួបប្រជុំពិភាក្សាផ្តល់លទ្ធផលបូកសរុបត្រលប់ជូនដល់មន្ទីរពេទ្យ ជារួម ផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថាន និងគ្រប់ផ្នែកនៃការបម្រើសេវារបស់មន្ទីរពេទ្យ ក្រុមការងារសង្កេតឃើញថាមានវឌ្ឍនភាពគួរឱ្យកត់សំគាល់ បើធៀបនឹងការចុះត្រួតពិនិត្យជុំទី០៣ កន្លងមក ហើយមានចំណុចខ្វះខាតមួយចំនួនបាន និងកំពុងកែលម្អបំពេញបន្ថែម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងពាំនាំសេចក្តីផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ខិតខំប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្តបម្រើសេវាជូនប្រជាជនកន្លងមក ព្រមទាំងបន្ថែមការយកចិត្តទុកដាក់ខ្ពស់ សម្របសម្រួល បង្កលក្ខខណ្ឌងាយស្រួល ជូនដល់ប្រជាជន ឬអ្នកជំងឺ ដែលមានប័ណ្ណ បសស មូលធិនិសមធម៌ ឬអ្នកជំងឺក្រីក្រ មកទទួលសេវាសុខាភិបាល ប្រកបដោយឥរិយាបថ និងស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ភួង ចាន់ថន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តីក្រោមឱវាទ ដើម្បីពិភាក្សា ស្វែងរកដំណោះស្រាយ និងលើកផែនការអភិវឌ្ឍមន្ទីរពេទ្យបង្អែកស្រុក ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ដើម្បីបម្រើសេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕