Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្ត្រីសុខាភិបាល៖ “បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះនេះគឺជាចលនានៃបេះដូងកន្ត្រាក់របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ”
ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា ស្តីពីក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ ដែលដឹកនាំបង្រៀនដោយ ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីប្រឹក្សា និងជាសាស្ត្រាចារ្យ បង្រៀនមុខវិជ្ជា ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មាននិស្សិតចូលរួមសរុបប្រមាណ ៣៥០នាក់។

ជាកិច្ចបើកវគ្គក្នុងកម្មវិធីសិក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី បានលើកឡើងអំពីមេរៀនគុណតម្លៃនៃអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ ដោយត្រូវមានឥរិយាបថល្អ ក្រមសីលធម៌ ទទួលខុសត្រូវ ឧត្តមគតិ ស្រឡាញ់វិជ្ជាជីវៈ ព្រហ្មវិហារធម៌ និងគោរពអ្នកជំងឺ។ 

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ដោយបានសង្កត់ធ្ងន់ថា អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌ មេត្តា ករុណា ធ្វើយ៉ាងណាឱ្យអ្នកជំងឺមានក្តីសង្ឃឹម និងជឿជាក់ និងធ្វើឱ្យចេញជា លទ្ធផលវិជ្ជមាន ព្រមទាំងបានណែនាំឱ្យវគ្គសិក្សានេះមានគុណភាព និងត្រូវរៀបចំ ឱ្យមាននិរន្តភាព មានភាពប្រសើរជាងមុន និងធ្វើការវាយតម្លៃផងដែរ ស្តីពីសមត្ថភាព នៃការចូលរួមវគ្គសិក្សានេះ។

ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថាក្នុងវិស័យសុខាភិបាល នៅខ្វះនូវធនធានមនុស្សដែលមានក្រមសីលធម៌វិជ្ជាជីវៈ ទាំងចំនួន និងគុណភាព ហើយការខ្វះខាតនេះ គឺធ្វើឱ្យមានភាពខ្សោយនៃការគិតគូពិចារណាក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ដូច្នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវតែពង្រឹងក្នុងការលើកម្ពស់នូវគុណភាពនៃក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រនេះ ឱ្យបានប្រសើរឡើង និងឆាប់រហ័ស។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ដែលបានលះបង់ពេលវេលា និងការច្នៃប្រឌិតខ្ពស់ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលនិស្សិត នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យមានគុណភាពកាន់តែប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពក្រមសីលធម៌វិជ្ជាសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13