រាជធានីភ្នំពេញ៖ ថ្ងៃច័ន្ទ ទី២១ ខែកក្តដា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលា ស្តីពីការប្រើប្រាស់ទិន្នន័យ ដើម្បីរៀបចំផែនការ ជំរុញការពង្រីកការប្រមូល ចែករំលែក ប្រើប្រាស់ទិន្នន័យមរណភាព។
សិក្ខាសាលានេះមានគោលបំណង៖ ១)កំណត់អាទិភាពអន្តរគមន៍សុខាភិបាលតាមរយៈការប្រើប្រាស់ស្ថិតិមរណភាពសម្រាប់គម្រោងកែលម្អនានា ២) កំណត់ពីសូចនាការ និងប្រភពទិន្នន័យ ដែលត្រូវជ្រើសរើសយកមកប្រើប្រាស់ ៣) បង្កើតផែនការសកម្មភាពសម្រាប់ការវិភាគ និងប្រើប្រាស់ទិន្នន័យមរណភាព។
ជាកិច្ចចាប់ផ្តើមអង្គសិក្ខាសាលា ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនគិរី បានផ្តល់មតិចាប់អារម្មណ៍ និងសំដែងការកោតសសើរដល់ក្រុមការងាររបស់ក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមចម្រុះពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ។ ឯកឧត្តមវេជ្ជបណ្ឌិត បានវាយតម្លៃខ្ពស់ដល់វឌ្ឍនភាពការងារដែលសម្រេចបានទាក់ទងនឹងការគ្រប់គ្រងការប្រើប្រាស់ទិន្នន័យសុខាភិបាល។ ក្រសួងសុខាភិបាល បានប្រើប្រាស់ទិន្នន័យជំងឺ ជាច្រើននាពេលកន្លងមក សម្រាប់ការប្រើប្រាស់តាមគោលបំណងផ្សេងៗ ដូចជាការធ្វើរបាយការណ៍សមិទិ្ធផលសុខាភិបាលប្រចាំឆ្នាំ ការពិនិត្យការអនុវត្តការងារប្រព័ន្ធសុខាភិបាល និងការវាយតម្លៃកម្មវិធីសុខាភិបាលនានា។ ក្រសួងសុខាភិបាល បានប្រមូលទិន្នន័យពីមូលដ្ឋានសុខាភិបាល មកជាយូហើយ តាំងពីឆ្នាំ ១៩៩៤ មកម្លេះ ទាំងទិន្នន័យជំងឺ និង មរណភាព។ នាពេលកន្លងមកនេះ ក្រសួងសុខាភិបាល បានប្រកាសដាក់ដំណើរការប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល ដែលប្រព័ន្ធនេះ មានការប្រមូលទិន្នន័យមរណភាពពីមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ក្នុងនាមថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ឯកឧត្តមសូមលើកទឹកចិត្ត ដល់ក្រុមការងារ គ្រប់នាយកដ្ឋាន ពាក់ព័ន្ធ ខិតខំព្យាយាមបន្ថៃម រៀបចំជំហានជាបន្តលើការវិភាគប្រើប្រាស់ទិន្នន័យ។ ឯកឧត្តមបានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖
១. រៀបចំផែនទីតម្រង់ទិសលើការបណ្តុះបណ្តាលប្រព័ន្ធសុខាភិបាលឌីជីថល ពិនិត្យរៀបចំឯកសារបទដ្ឋានគិតិយុក សម្រាប់កិច្ចការនេះ
២. ត្រូវពង្រឹង ពង្រីកការប្រមូល ការប្រើប្រាស់ ការអនុវត្ត លិខិតបញ្ជាក់មូលហេតុមរណភាព ទាន់ពេលវេលា និងការសរសេរកូដ ប្រើប្រាស់ Rule of ICD ដើម្បីបង្កើតទិន្នន័យមរណភាព ប្រកបដោយគុណភាព ក្នុងប្រព័ន្ធសុខាភិបាលឌីជីថល
៣. ពង្រឹងការសហការណ៍ រវាងនាយកដ្ឋាន លើការប្រើប្រាស់ទិន្នន័យ និងដើម្បីឱ្យទិន្នន័យត្រូវបានសម្រួល ដល់ការប្រើប្រាស់ ជំរុញការចែករំលែក ការវិភាគ លទ្ធផល និងជូនដំណឹងដល់ការធ្វើផែនការ ការគៀងគរធនធានទៅវិញទៅមក រវាងនាយកដ្ឋាន ចំណុះក្រសួងសុខាភិបាល។
៤. ត្រូវរៀបចំ ចងក្រង គោលការណ៍ណែនាំ ស្តីពី សុវត្ថិភាពទិន្នន័យ ឯកជនភាពទិន្នន័យ គ្រប់ពេលចែករំលែក ការប្រើប្រាស់ និងផលិតរបាយការណ៍នានា ក្នុងវិស័យសុខាភិបាល។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមសាស្រ្តចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេស ឱសថបណ្ឌិត ហ៊ុន ហួង អគ្គនាយករងបច្ចេកទេស លោកវេជ្ជបណ្ឌិត លី វិជ្ចារ៉ាវុធ ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល លោកវេជ្ជបណ្ឌិត មាន រតនសម្បត្តិ អង្គការ Vital Strategies
ព្រមទាំងមានការចូលរួមពី នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានការពារសុខភាព នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក វិទ្យាស្ថានជាតិសុខភាពសាធារណៈ នាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស នាយកដ្ឋានបុគ្គលិក នាយកដ្ឋាននិតិកម្ម មន្ទីរពេទ្យជាតិ សមាជិកគណកម្មការ សសស នៅភ្នំពេញ អង្គការ Vital Strategies JICA/PMD និងមានអង្គភាពពាក់ព័ន្ឋជាច្រើនដូចជា សរុបចំនួន ៤០ រូប។