ទីក្រុងប៉េកាំង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូសុខាភិបាលអមដោយ លោកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោក ជ័យ ប៊ុណ្ណា អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចូលរួមវេទិកាសុខភាពជាសកលអាស៊ី (BOAO Forum) នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ BOAO Forum for Asia (BFA) ក្នុងគោលបំណងដាក់ចេញនូវសំណូមពរ និងដំណោះស្រាយដែលអាចអនុវត្តទៅបានលើការពង្រឹងការអភិបាលកិច្ចសុខភាពពិភពលោក បង្រួមគម្លាតនៃការផ្តល់សេវាសុខាភិបាល ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នវានុវត្តន៍នៃវិស័យសុខាភិបាលជាសកល ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការបង្កើតសហគមន៍សុខាភិបាលសម្រាប់ប្រជាជាតិគ្រប់រូប និងការរួមចំណែកសម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
ក្នុងនេះដែរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានៃវេទិការចំនួន២ គឺ៖
១. ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសុខភាពមាតា និងទារកជាសកល
២. ការពង្រឹងប្រព័ន្ធគ្រប់គ្រងសុខាភិបាល ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) ។
ក្នុងកិច្ចប្រជុំពិភាក្សាពិសេសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Ban Ki-moon នាយក នៃ Boao Forum លោក ជំទាវ អតីត នាយករដ្ឋមន្ត្រី នៃប្រទេស នូវែលហ្សេឡង់ និង វាគ្មិនជាន់ខ្ពស់កិត្តិយសសំខាន់ៗដែលជាថ្នាក់ដឹកនាំកំពូលៗ របស់សាធារណរដ្ឋប្រជាមានិតចិន អគ្គនាយក និងអនុប្រធាននៃ BFA រដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសសមាជិកបង្កើត BFA និងមន្រ្តីសុខាភិបាលជាន់ខ្ពស់ពីប្រទេសមួយចំនួនក្នុងតំបន់ អាស៊ី អង្គការសុខភាពពិភពលោក (RD/WHO) និងអង្គការអន្តរជាតិផ្សេងៗ ដែលជាម្ចាស់ពានរង្វាន់ណូបែល សាស្ត្រាចារ្យ និងអ្នកជំនាញ វិទ្យាសាស្ត្រល្បីៗ រួមទាំងតំណាងសមាគមន៍ឧស្សាហកម្មសុខាភិបាល និងសភាពាណិជ្ជកម្មសុខាភិបាល និងសង្គម ផងដែរ។