រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី១៧ ដើម្បីពិនិត្យសារអប់រំសុខភាព ដែលក្រុមការងារ និងនាយកដ្ឋាន បានផលិត ព្រមទាំងពិភាក្សាលើសារអប់រំសុខភាពឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន សំដៅ បង្កើនការប្រុងប្រយ័ត្ន និងកាត់បន្ថយហានិភ័យសុខភាពជូនប្រជាពលរដ្ឋដែលកំពុងជម្លៀសមកទីសុវត្ថិភាព។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) និងមានការចូលរួមពីក្រុមការងារសរុបចំនួន ២២នាក់ ដែលជាមន្ត្រីបង្គោលមកពីនាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងតំណាងអង្គការដៃគូក្នុងវិស័យសុខាភិបាល។