នាថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការនិងជាប្រធានគណៈគ្រូពេទ្យកម្ពុជា តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រលើកទី៨ និងវិទ្យាសាស្ត្រថែទាំលើកទី៥របស់មន្ទីរពេទ្យខេត្តកំពង់ចាម។
កម្មវិធីនេះត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងចែករំលែកចំណេះដឹងវិទ្យាសាស្ត្រថ្មីៗ និងបទពិសោធការងារល្អៗរវាងសហភាតរៈមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្តនានា ដើម្បីពង្រឹងការបម្រេីសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព សមត្ថភាព និងសុវត្ថិភាពជូនប្រជាជនយើង។
ក្នុងឱកាសដ៏ពិសេសនៃទិវានេះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានផ្តល់អនុសាសន៍ល្អៗប្រកបដោយខ្លឹមសារ និងបានជាគន្លឹះសំខាន់ៗជាមេរៀននិងបទពិសោធន៍ជាទុនសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃ សំដៅធានានូវគុណភាពនៃការថែទាំព្យាបាល ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពជាអ្នកមានវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និង ប្រសិទ្ធភាព។
ទិវានេះប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត និងមានសមាសភាពចូលរួម ពីសំណាក់ លោក លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិតជាវាគ្មិនពីមន្ទីរពេទ្យថ្នាក់ជាតិ វេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប មកពីមន្ទីរពេទ្យបង្អែកខេត្តនានា និងក្នុងខេត្តកំពង់ចាមផ្ទាល់ សរុបចំនួន ២៤៤ នាក់ និងតាមប្រព័ន្ធ Zoom ចំនួន ២៣៧ នាក់។