ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យជាតិ បានអញ្ជើ្ញញជាអធិបតី ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវ:បន្តលើកទី១៧ របស់ក្រុមប្រឹក្សាគណ:គ្រូពេទ្យខេត្តកណ្តាល នាក្រុងតាខ្មៅដោយមានការចូលរួមពីសំណាក់ តំណាងមន្ទីរសុខាភិបាលខេត្ត លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជាវាគ្មិន មកពីមន្ទីរពេទ្យថ្នាក់ជាតិ និងវេជ្ជបណ្ឌិត គ្រូពេទ្យមកពីមូលដ្ឋានបម្រើសេវាសុខាភិបាលក្នុងខេត្តកណ្តាល និងបណ្តាខេត្តនានាដោយផ្ទាល់ចំនួន២៣១នាក់ និងតាមប្រព័ន្ធនិម្មិតចំនួន១០០០នាក់។
ក្នុងមតិថ្លែងបើកអង្គទិវាអភិវឌ្ឍវិជ្ជាជីវ:បន្តលើកទី១៧នេះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានវាយតម្លៃខ្ពស់នៃការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាគណ:គ្រូពេទ្យខេត្តកណ្តាល ក្នុងការរៀបចំទិវានេះឡើងជាទៀងទាត់ ក្នុងគោលបំណងពង្រឹងចំណេះជំនាញ បទពិសោធន៍ការងារពិនិត្យព្យាបាល ថែទាំសុខភាព ជូនប្រជាជនយើងកាន់ល្អប្រសើរឡើង។ ឯកឧត្តមបានក្រើនរំលឹកដល់ក្រុមប្រឹក្សាគណ:គ្រូពេទ្យខេត្តត្រូវខិតខំពង្រឹងការងារអភិបាលកិច្ច និងបំពេញតួនាទីគន្លឹះរបស់ខ្លួនដោយភាពទទួលខុសត្រូវ។
ឯកឧត្តមសាស្ត្រាចារ្យក៏បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ ទាំងផ្នែកសាធារណ: និងឯកជន ត្រូវតែអភិវឌ្ឍចំណេះដឹងទាន់សម័យ បទពិសោធន៍ការងារល្អៗ ជាប្រចាំ រំលឹក និងគោរពតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានា ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ត្រូវមានគុណធម៌ សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងរាល់កិច្ចការបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋគ្រប់រូបដោយគ្មានការរើសអើង។ ទាំងអស់នេះ គឺដើម្បីលើកកម្ពស់ និងថែរក្សាកិត្តិយសវិជ្ជាជីវ:វេជ្ជសាស្ត្រខ្មែរយើងឱ្យបានរុងរឿង ស្របតាមគោលនយោបាយក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។