ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូច អន្ដរាគមន៍លេខ៧ កងពលធំអន្ដរាគមន៍លេខ៣ កងទ័ពជើងគោក បានពលីជីវិតនៅសមរភូមិ ដើម្បីការពារបូរណភាពទឹកដីកម្ពុជានៃយើង កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ជាពិសេស គឺជាការបាត់បង់នូវវីរយុទ្ធជនដ៏អង់អាចក្លាហានបំផុតដែលបានបូជាជីវិតជូនជាតិមាតុភូមិ ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពីខ្មាំងសត្រូវឈ្លានពាន។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។