Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពីបរិវត្តកម្មសុខាភិបាលឌីជីថល
ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥​ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីបរិវត្តកម្មសុខាភិបាលឌីជីថល។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃដែលមានគោលបំណង៖ 

-ពង្រឹងភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងក្របខ័ណ្ឌតាមដាននិងវាយតម្លៃ ប្រកបដោយនិរន្តរភាព

-លើកកម្ពស់ការរៀបចំ និងការអនុវត្តស្តង់ដាថ្នាលទិន្នន័យ ពិធីសារអន្តរប្រតិបត្តិការ និងនិម្មាបនកម្ម ដើម្បីសម្រួលដល់ការផ្លាស់ប្តូរ និងការបញ្ជូនទិន្នន័យរវាងប្រព័ន្ធព័ត៌មានសុខាភិបាលផ្សេងៗគ្នា

-កំណត់សកម្មភាពអាទិភាព និងការវិនិយោគលើប្រព័ន្ធសុខាភិបាលឌីជីថល ដែលមានប្រសិទ្ធភាព ចំណាយ និរន្តរភាព និងអន្តរប្រតិបត្តិការកាន់តែប្រសើរ

-បង្កើនសមត្ថភាពជាតិសម្រាប់ប្រព័ន្ធព័ត៌មានសុខាភិបាល សុខាភិបាលឌីជីថល ការចុះបញ្ជី និងស្ថិតិ សំខាន់ៗ

-បង្កើតបណ្តាញការងារព័ត៌មានសុខាភិបាល ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនការរៀនសូត្រ ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ ក្នុងចំណោមភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

ក្នុងឱកាសបើកសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា ដោយចាប់ផ្ដើមតាមរយៈការទាញការចាប់អារម្មណ៍អំពីសារៈសំខាន់នៃបច្ចេកវិទ្យា។ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិកា បានមានប្រសាសន៍ថា បច្ចេកវិទ្យាត្រូវបានកំណត់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ បុរេសកម្ម ស្វាហាប់ និងឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងនោះ ឯកឧត្តមក៏បានចូលរួមផ្តល់នូវទស្សនទានចំនួន ៦ចំនុច រួមមាន៖

ទី១. បន្តកសាងប្រព័ន្ធអេកូសុខាភិបាលឌីជីថល ដែលយកអតិថិជនជាស្នូល

ទី២. អភិវឌ្ឍប្រព័ន្ធព័ត៌មានសុខាភិបាលដែលមានលក្ខណៈសមាហរណកម្ម និងអន្តរប្រតិបត្តិការ

ទី៣. ពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យ តាមរយៈការជំរុញភាពប្រសើរឡើងនៃស្តង់ដាប្រព័ន្ធព័ត៌មានសុខាភិបាល

ទី៤. បណ្តុះគំនិតរៀនសូត្រចេញពីប្រព័ន្ធសុខាភិបាល ដោយផ្សារភ្ជាប់ជាមួយវប្បធម៌ នៃការប្រើប្រាស់ទិន្នន័យព័ត៌មាន និងភ័ស្តុតាង

ទី៥. ជំរុញភាពប្រសើរឡើង នៃការធ្វើសមាហរណកម្ម និង/ឬអន្តរប្រតិបត្តិការ នៃប្រព័ន្ធព័ត៌មានសុខាភិបាល ទៅក្នុងប្រព័ន្ធអេកូទិន្នន័យសុខាភិបាល និងដំណោះស្រាយឌីជីថល

ទី៦. លើកកម្ពស់ការចាប់យកការប្រើប្រាស់បញ្ញាសិប្បនិមិត្ត big data analytics និង machine learning នៅក្នុងការអនុវត្តគ្លីនិក ការងារគ្រប់គ្រង កិច្ចការរដ្ឋបាល ការសិក្សា និងការបណ្ដុះបណ្ដាលវេជ្ជសាស្រ្ត ការសិក្សាស្រាវជ្រាវសុខភាពសាធារណៈ និងក្នុងផ្នែកដទៃទៀត។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃក្រសួងប្រេសណីយ៍ និងទូរគមនាគមន៍ លោកស្រី សូ ណារី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី វិជ្ជាវ៉ាវុធ ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល លោកវេជ្ជបណ្ឌិត Anirban Chatterjee តំណាងអង្គការ UNICEF និងលោក Jai Ganesh Udayasankaran នាយកប្រតិបត្តិ បណ្តាញព័ត៌មានសុខាភិបាលអេឡិចត្រូនិកអាស៊ី (AeHIN) ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល មន្ទីរពេទ្យជាតិទាំង១២ និងមន្ត្រីតំណាងពី នាយកដ្ឋានសុខាភិបាលឌីជីថល ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ អគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនមួយចំនួនដូចជាអង្គការ UNICEF WHO GAVI CHAI AeHIN WorldBank PSI, FHI360 vital strategy និងក្រុមហ៊ុនបច្ចេកវិទ្យានិងទូរគមនាគមន៍ ដែលមានអ្នកចូលរួមសរុបចំនួន ១៣២រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10