រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការរៀបចំបន្តវគ្គបណ្តុះបណ្តាល ដល់មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិទាំង១២ ដើម្បីអនុវត្តតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា (Cambodian Hospital Accreditation Standards: CHAS)។
សិក្ខាសាលានេះមានគោលបំណងបន្តការបណ្តុះបណ្តាលដល់មន្រ្តីទទួលបន្ទុកសម្របសម្រួលការរងារ ទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យមកពីមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិទាំង១២ នូវចំណេះដឹងក្នុងការរៀបចំមន្ទីរពេទ្យដើម្បីអនុវត្តតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ បានសំដែងការកោតសរសើរដល់ក្រុមការងារជំនាញដែលបានស្ម័គ្រចិត្តបម្រើដល់វិស័យសុខាភិបាល និងបន្តចូលរួមយ៉ាងសកម្មក្នុងទិសដៅជំរុញការផ្តល់សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើងនូវគុណភាពប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព។
សិក្ខាសាលានេះ រៀបចំ ៤ដង ក្នុង១ខែ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ ដោយការិយាល័យធានាគុណភាពសុខាភិបាល នៃនាយកដ្ឋានមន្ទីរពេទ្យ ដោយមានការស្ម័គ្រចិត្តធ្វើជាគ្រូឧទ្ទេស ពីអ្នកជំនាញចំនួន ៥រូប។