Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការពង្រឹងការងារគ្រប់គ្រងគ្រុនឈាមបន្ទាន់ឆ្នាំ២០២៥ តាមរយៈតាមប្រព័ន្ធនិម្មិត (Zoom)
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥

ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល កិច្ចប្រជុំស្តីពី ការពង្រឹងការងារគ្រប់គ្រងគ្រុនឈាមបន្ទាន់ឆ្នាំ២០២៥ តាមរយៈតាមប្រព័ន្ធនិម្មិត (Zoom) ត្រូវបានប្រព្រឹត្តឡើង ក្រោមការដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា និងលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ ជាតំណាងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ 

កិច្ចប្រជុំមានគោលបំណងដើម្បី ពង្រឹងការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃការពិនិត្យព្យាបាល ថែទាំករណីមានកើតជំងឺ។ ខ្លឹមសារក្នុងកិច្ចប្រជុំនេះ រួមមាន៖

១) ស្ថានភាពជំងឺគ្រុនឈាម និងរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពក្នុងការបង្ការគ្រប់គ្រងទប់ស្កាត់ជំងឺគ្រុនឈាម បង្ហាញដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និង

២) ការក្រើនរំលឹកដោយមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញស្តីពីបច្ចេកទេសធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំ សង្គ្រោះ បញ្ជូនប្រកបដោយបច្ចេកទេសវិជ្ជាជីវៈ ត្រឹមត្រូវ ទាន់ពេលវេលា។ 

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធាន-ខេត្ត កម្មវិធីគ្រុនឈាមរាជធានី-ខេត្ត វេជ្ជបណ្ឌិត គ្រូពេទ្យ ផ្នែកព្យាបាលជំងឺកុមារ នៃមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងសេវាឯកជន សរុបចំនួន ២ ១១៦នាក់ ក្នុងនោះស្ត្រីមាន ៧១០នាក់។  

សរុបលទ្ធផលនៃកិច្ចប្រជុំ សម្រេចបាននូវការពិភាក្សាផុលផុសជាផ្លែផ្កា ប្រកបដោយស្មារតីប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់សម្រាប់យកទៅអនុវត្តបន្ទាប់ពីកិច្ចប្រជុំ អំពីការដំណើរការអនុវត្តឱ្យកាន់តែប្រសើរនៅមូលដ្ឋានផ្ទាល់ កៀរគរកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសភូមិ ឃុំ/សង្កាត់ សមត្ថភាពវិជ្ជាជីវៈត្រឹមត្រូវតាមកម្រិតក្នុងការធ្វើរោគវិនិច្ឆ័យ ថែទាំ ព្យាបាល សង្រ្គោះអ្នកជំងឺគ្រុនឈាម ការបង្ការការវិត្តស្ថានភាពជំងឺធ្ងន់ធ្ងរ ការតាមដានស្ថានភាពអ្នកជំងឺ និងការបញ្ជូនដោយមិនខុសបែបបទគ្មានហានីភ័យដល់អាយុជីវិតអ្នកជំងឺ។ 

តាមរយៈការដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានសង្កត់ធ្ងន់ និងបានផ្តល់អនុសាសន៍ជារួមសំខាន់ៗ ដូចជា៖ គ្រប់មូលដ្ឋានមប្រើសេវាសុខភាពទាំងអស់ ពិសេសផ្នែកឯកជន ត្រូវពង្រឹងសមត្ថភាពបច្ចេកទេស ក្រមសីលធម៌ និងដែនកំណត់វិជ្ជាជីវៈច្បាស់លាស់។ ពិនិត្យ ព្យាបាល ថែទាំអ្នកជំងឺគ្រុនឈាមទៅតាមពិធីសារជាតិត្រឹមត្រូវ។ ត្រូវមានការតាមដាន និងវាយតម្លៃស្ថានភាពជំងឺឱ្យជាក់ស្តែង និងបញ្ជូនទៅសង្គ្រោះឱ្យចំកន្លែង និងទាន់ពេលវេលា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8