Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសបើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំពិធីប្រកាសបើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន  មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ក្រោមអធីបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន គណៈកម្មការ និង ក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន សរុបចំនួន១២៧ រូប។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល គាំទ្រ និងចូលរួមអនុវត្តយ៉ាងពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ 

ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាជាមួយនឹងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល បានជាប្រយោជន៍ដល់ក្រសួងសុខាភិបាល ក្នុងការជ្រើសរើស និងការដាក់ពង្រាយមន្រ្តីបម្រើការងារនៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ អនុលោមតាមក្របខ័ណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាដំណាក់កាលៗ ទៅតាមកម្រិតអាទិភាពនៃតម្រូវការនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន ដើម្បីធានាបានការបម្រើសេវាសុខាភិបាល២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ព្រមទាំងកែលម្អឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមសហការ និងផ្តល់ការគាំទ្រឱ្យពេញទំហឹង ដល់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរតាមការរំពឹងទុក ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់បានអនុវត្តក្នុងការធ្វើជំរឿនមន្ត្រីទាំង៣លើក កន្លងមក និងភារកិច្ចដែលបានកំណត់ក្នុងសារាចររាជរដ្ឋាភិបាលលេខ ១០សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29