ការបន្តចុះអភិបាលកិច្ចលើការបម្រើសេវាសុខាភិបាលឯកជន នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា
ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះអភិបាលការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានទីតាំងនៅអគារលេខ៦៦ ផ្លូវឌួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឯកឧត្តមសាស្ត្រាចារ្យ បានជម្រាបម្ចាស់មន្ទីរពេទ្យ និងក្រុមការងារមន្ទីរពេទ្យ អំពីគោលនយោបាយអាទិភាពរបស់ក្រសួងសុខាភិបាលក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា ដែលមានចំនូន៩ និងអាទិភាពចំបង៣ ក្នុងនោះការពង្រឹងគុណភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព នៃសេវាពិនិត្យព្យាបាលថែទាំជំងឺគ្រប់ប្រភេទរបស់មន្ទីរពេទ្យសាធារណៈ និងឯកជន ជូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ គឺជាការកិច្ចការក្នុងអាទិភាពដែលត្រូវបានតម្កល់ខ្ពស់បំផុត។
ក្រសួងសុខាភិបាលបាន និងកំពុងជំរុញការធ្វើនិយ័តកម្មគ្រប់មូលដ្ឋានផ្តល់សេវាឯកជនទាំងអស់ឱ្យមានច្បាប់ត្រឹមត្រូវ មានស្តង់ដាបច្ចេកទេសសមស្របតាមនិយាម មានធនធានមនុស្សឆ្លើយតបបាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាប់ជានិច្ច។
បន្ទាប់ពីបានទទួលស្តាប់បទបង្ហាញរបស់មន្ទីរពេទ្យ និងមានការពិភាក្សារួចមក ក្រុមការងារបានចុះពិនិត្យតាមផ្នែកផ្តល់សេវានានារបស់មន្ទីរពេទ្យអរៀនដា ដោយបានពិនិត្យឃើញថាហេដ្ឋារចនាសម្ព័ន្តរបស់មន្ទីរពេទ្យ មានបំពាក់ឧបករណ៍វេជ្ជសាស្ត្រ អមវេជ្ជសាស្ត្របានល្អ។
ឯកឧត្តមសាស្ត្រាចារ្យប្រធានក្រុមការងារ និងឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត នៃក្រុមការងារក្រសួងសុខាភិបាលបានជូនអនុសាសន៍ដល់មន្ទីរពេទ្យអោយបន្តខិតខំ ចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត និងពង្រីកវិសាលភាពនៃការផ្តល់សេវាសុខភាពឱ្យទូលំទូលាយ និងខិតខំបន្តបំពេញទៅតាមបទដ្ឋានបច្ចេកទេសគតិយុត្ត កាន់តែប្រសើរថែមទៀត ដើម្បីចូលរួមជួយលើកតម្កើងកិត្តិយស និងកិត្យានុភាពនៃសេខាសុខាភិបាលវិស័យឯកជន។